(មេនឆេស្ទើ)៖ Jadon Sancho បានមកហ្វឹកហាត់ជុំគ្នាវិញក្នុងក្លិបបិសាចក្រហម Manchester United បន្ទាប់ពីជួបជជែកគ្នាជាមួយអ្នកចាត់ការទូទៅ លោក Erik ten Hag រួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅចាំបានថា ខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ ២៤ឆ្នាំរូបនេះ មានភាពរកាំរកូសគ្នាជាមួយលោក Ten Hag នារដូវកាលមុន ដែលបង្ខំឱ្យហ្វឹកហាត់ដាច់ដោយឡែកពីក្រុមក្នុងជម្រើសដំបូង មុនពេលត្រូវបានផ្ទេរជាលក្ខណៈខ្ចីជើងនៅអំឡុងខែមករា ឆ្នាំ២០២៤ ទៅកាន់ Borussia Dortmund ដោយបានរួមចំណែកជួយក្លិបអាល្លឺម៉ង់មួយនេះ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2023-2024។

តែយ៉ាងណា ក្រោយពីចប់កិច្ចសន្យាខ្ចីជើងពាក់កណ្តាលរដូវកាល Sancho បានវិលត្រឡប់មក United កាលពីថ្ងៃពុធ ដើម្បីពិនិត្យសុខភាព និងបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញនៅថ្ងៃបន្ទាប់ផងដែរ។

នេះមានន័យថា Sancho បានត្រូវរ៉ូវគ្នាឡើងវិញហើយជាមួយលោក Erik ten Hag ស្របពេលខ្សែការពារចាស់វស្សា Jonny Evans បន្តកិច្ចសន្យារយៈពេល ១ឆ្នាំទៀតលេងនៅកីឡដ្ឋាន Old Trafford។

ទាំង Sancho និង Evans នឹងរួមដំណើរជាមួយ Man Utd ទៅកាន់ទីក្រុង Edinburgh ក្នុងការប្រកួតទល់នឹងក្រុម Rangers នាកីឡដ្ឋាន Murrayfield នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ មុនពេលលេង ៣ប្រកួតបន្ទាប់សម្រាប់ pre-season នៅសហរដ្ឋអាមេរិក៕