(បរទេស)៖ ភាគហ៊ុនរបស់ Apple បានកើនឡើង ២.៥% ដល់កម្រិតខ្ពស់មួយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីស្ថាប័នវិភាគទីផ្សារ Morgan Stanley បានដំឡើងតម្លៃនៃការសន្និដ្ឋានរបស់ខ្លួន លើភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ និងបានកំណត់ភាគហ៊ុនរបស់ Apple ថាជាការជ្រើសរើសកំពូល ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែង AI របស់ក្រុមហ៊ុននេះ ជាការជំរុញនៃការលក់ឧបករណ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

ស្ថិតនៅក្នុងអ្វី ដែលត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដើម្បីតាមទាន់ក្រុមហ៊ុនយក្សផ្សេងៗដូចជា Alphabet មេធំរបស់ Google និង Microsoft មេធំរបស់ OpenAI ជាដើមនោះ ក្រុមហ៊ុន Apple កាលពីខែមុនបានប្រកាសបង្ហាញ Apple Intelligence ដែលជាផ្លូវមួយដើម្បីជាការទាក់ទាញអតិថិជន និងដើរឲ្យទាន់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះ ក្នុងវិស័យ AI។ ប្រការនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនឡើងជិត ២០% នៅឆ្នាំនេះ បានកើនឡើងដល់ ២៣៦.៣០ដុល្លារក្នុងមួយហ៊ុន ដែលផ្តល់ឱ្យក្រុមហ៊ុននេះនូវតម្លៃលើទីផ្សារចំនួន ៣.៦២ពាន់ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោក។ អ្នកវិភាគមកពី Morgan Stanley បាននិយាយថា Apple Intelligence គឺជាកាតាលីករជំរុញការនាំចេញ iPhone និង iPad របស់ក្រុមហ៊ុន Apple។

គួរជម្រាបថា Apple បានលក់ស្មាតហ្វូនចំនួន ៤៥.២ លានគ្រឿងនៅទូទាំងពិភពលោកក្នុងរយៈពេល៣ខែ គិតត្រឹមខែមិថុនា ពោលគឺកើនឡើងពី ៤៤.៥លានគ្រឿងកាលពីឆ្នាំមុន ប៉ុន្តែចំណែកទីផ្សាររបស់ក្រុមហ៊ុននេះបានធ្លាក់ចុះដល់ ១៥.៨% ពី ១៦.៦% ក្នុងរយៈពេលដូចគ្នា។ នេះបើយោងតាមទិន្នន័យរបស់ IDC៕