(ម៉ាឌ្រីដ)៖ តារាជើងស៊ុត Kylian Mbappe បានបង្ហាញខ្លួនក្នុងក្លិបថ្មី Real Madrid ជាផ្លូវការហើយនាល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយទទួលបានសិទ្ធិពាក់អាវលេខ៩ ផងដែរ ដែលជាលេខចាស់របស់រៀមច្បង Karim Benzema។

បើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo នៅថ្ងៃនេះបានបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ បានចុះកិច្ចសន្យាថ្មីនៅចំពោះមុខលោក Florentino Perez ប្រធានក្លិបអធិរាជស Real Madrid តែម្តង មុនពេលបង្ហាញវត្តមានក្នុងកីឡដ្ឋាន Santiago Bernabeu នៅចំពោះមុខអ្នកគាំទ្រពេញកីឡដ្ឋានទៀតផង ក្រោយពេលចប់កិច្ចសន្យាជាមួយក្លិបបារាំង Paris Saint Germain។

Mbappe នឹងជួបជុំជាមួយសមាជិកថ្មីក្នុងក្រុម Real Madrid ដើម្បីការពារពានលីគ La Liga និង UEFA Champions League រដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ដែលនឹងចាប់ផ្តើមនាខែក្រោយនេះហើយ ស្របពេលអាវលេខ៩ របស់គេ ក៏ចាប់ផ្តើមលក់ដាច់ទៀតផង៕