(តូក្យូ)៖ ក្លិបជប៉ុនដែលកំពុងជួបការលំបាក Yokohama F Marinos បានបណ្តេញអ្នកចាត់ការ Harry Kewell ចេញពីតំណែង បន្ទាប់ពីកាន់តួនាទីនេះបានជាង ៧ខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ការចាកចេញរបស់អតីតខ្សែបម្រើស្លាបក្លិប Liverpool រូបនេះ បានកើតឡើងមិនដល់ ២ខែនោះទេ បន្ទាប់ពី Yokohama បានចាញ់ក្លិប AI Ain ក្នុងវគ្គផ្តាច់ព្រ័ត្រ Asian Champions League។

បុរសវ័យ ៤៥ឆ្នាំ Kewell ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបកាលពីចុងខែធ្នូឆ្នាំមុន ស្នងតំណែងពីលោក Kevin Muscat និងជាជនជាតិអូស្ត្រាលីទី៣ ជាប់គ្នាហើយ ដែលបានកាន់តំណែងនៅក្លិបនេះ។

អ្នកចាត់ការមុន គឺលោក Ange Postecoglou និងលោក Muscat បានដឹកនាំក្លិប Marinos ដណ្តើមបានពានរង្វាន់លីគកំពូល​ J.League ក្នុងឆ្នាំ២០១៩ និង២០២២ ប៉ុន្តែទម្រង់លេងរបស់ក្លិប ស្ថិតក្រោមការដឹកនាំរបស់លោក Kewell មានភាពមិនស៊ីសង្វាក់គ្នានោះទេ ហើយពួកគេបច្ចុប្បន្ន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១២ ក្នុងតារាងលីគ ដាច់ ២០ពិន្ទុតាមពីក្រោយក្លិប Machida Zelvia។

សូមជម្រាបថា លោក John Hutchinson នឹងដឹកនាំក្រុមបណ្តោះអាសន្ន៕