(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានលើកឡើងនៅថ្ងៃអង្គារថា លោកមានការជឿជាក់ខ្លាំងណាស់ថា ថ្ងៃណាមួយ នឹងបានលេងឱ្យក្លិប Real Madrid ដែលនោះហើយ ធ្វើឱ្យលោកចាប់ផ្តើមរៀនភាសាអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

«តាំងពីខ្ញុំនៅក្មេង ខ្ញុំបានដឹងពីគោលដៅរបស់ខ្ញុំ គឺលេងឱ្យក្លិប Real Madrid»។ Mbappe បានលើកឡើងនៅកីឡដ្ឋាន Bernabeu។

សមាជិកឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៨ រូបនេះ បានធ្វើឱ្យអ្នកសារព័ត៌មាន មានភាពភ្ញាក់ផ្អើល ដោយការនិយាយភាសាអេស្ប៉ាញបានយ៉ាងល្អ ដោយលោកបានរៀននៅសាលា ហើយក្រោយមកបានបន្តអនុវត្តភាសា ជាមួយនឹងការនិយាយជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដូចជាលោក Luis Enrique និងលោក Mauricio Pochettino នៅក្លិប Paris Saint Germain ដោយសារតែលោកបានដឹងថា លោកនឹងត្រូវប្រើប្រាស់នៅថ្ងៃណាមួយ នៅក្លិបក្នុងក្តីសុបិនរបស់លោក។

«ខ្ញុំមិនមែនជាសិស្សពូកែបំផុតនៅសាលារៀននោះទេ ប៉ុន្តែខ្ញុំមានក្តីសុបិននេះ គឺការលេងនៅក្លិប Real Madrid ហើយខ្ញុំដឹងថា ការនិយាយភាសា នឹងអាចជួយខ្ញុំឱ្យសម្របខ្លួនបាន»។ Mbappe បានលើកឡើង។

Real Madrid បានប្រកាសកាលពីខែមិថុនាថា Mbappe បានចូលរួមជាមួយក្លិបលេងនៅលីគ La Liga ជាមួយនឹងការផ្ទេរដោយឥតបង់ថ្លៃ លើកិច្ចសន្យារយៈពេល ៥ឆ្នាំ បិទបញ្ចប់នូវព័ត៌មាននៃការផ្ទេរដែលមានពាក្យចចាមអារ៉ាម អស់រយៈពេលជាច្រើនឆ្នាំ។

សូមជម្រាបថា Mbappe វ័យ ២៥ឆ្នាំ ចូលរួមជាមួយក្លិប Madrid ដែលមានតារាបាល់ទាត់មួយចំនួនរួចទៅហើយ ដូចជា Vinicius Jr. និង Jude Bellingham ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការ Ancelotti ជាគ្រូបង្វឹកមានភាពជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រ Champions League ដោយដណ្តើមបានពានរង្វាន់លីគនេះ បានចំនួន ៥លើកមកហើយ៕