(ឡុងដ៍)៖ រជ្ជកាលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស រយៈពេល ៨ឆ្នាំរបស់លោក Gareth Southgate បានមកដល់ទីបញ្ចប់ បន្ទាប់ពីបុរសវ័យ ៥៣ឆ្នាំរូបនេះ ប្រកាសចុះចេញពីតំណែងនាល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ និងការលេចចេញបេក្ខភាពសំខាន់ជាច្រើន ត្រៀមដឹកនាំបន្តផងដែរ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា មានបេក្ខជនដល់ទៅ ៧នាក់ គិតត្រឹមថ្ងៃពុធនេះ ដែលស្ថិតក្នុងបញ្ជីរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA ក្នុងការជ្រើសរើសមកស្នងតំណែងលោក Southgate ដែលបានលាឈប់កាលពីម្សិលមិញនេះ។

១៖ លោក Lee Carsley បានកំពុងដឹកនាំក្រុមជម្រើសជាតិឈុត U-21 អង់គ្លេស និងជាបុរសម្នាក់ដែលមានទំនាក់ទំនងល្អជាមួយ FA ទៀតផង។ លោកបានដឹកនាំ U-21 ដណ្តើមបានជើងឯកអឺរ៉ុបកាលពីរដូវក្តៅមុន។
២៖ លោក Pep Guardiola ជាគ្រូបង្វឹកជោគជ័យ ១រូបក្នុងក្លិបមេឃខៀវ Manchester City ជាបេក្ខជនដែលធ្លាប់មានបទពិសោធដឹកនាំក្លិបធំៗដូចជា Bayern Munich និង FC Barcelona ជាដើម។ កិច្ចសន្យាចាស់របស់លោក នឹងផុតកំណត់ជាមួយ City ត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ។

៣៖ លោក Eddie Howe ក៏ធ្លាប់ត្រូវបាន FA តាមចែចូវ ដើម្បីមកដឹកនាំអង់គ្លេសដែរ ដ្បិតបច្ចុប្បន្នកំពុងដឹកនាំក្លិបនៅអង់គ្លេសស្រាប់ គឺសារិកាព្រៃ Newcastle United។
៤៖ លោក Jurgen Klopp ជាគ្រូបង្វឹកល្អមួយរូបដែលបានកំពុងទំនេរពីការងារស្រាប់ ក្រោយលាឈប់ពីក្លិបហង្សក្រហម Liverpool នៅបំណាច់រដូវកាលឆ្នាំ២០២៣-២០២៤។

៥៖ លោក Mauricio Pochettino ជាគ្រូបង្វឹកល្បីឈ្មោះ ១រូបដែលទំនេរពីការងារដែរ បន្ទាប់ពីតោខៀវ Chelsea ដកតួនាទីលោក ក្រោយពេលចប់រដូវកាលមុន។
៦៖ លោក Graham Potter អតីតគ្រូបង្វឹកដែលជោគជ័យគួរសមក្នុងក្លិប Brighton និងជាអតីតធ្លាប់ដឹកនាំ Chelsea ផងដែរ ដោយមានរយៈពេលតិចជាង ៧ខែ។
៧៖ លោក Thomas Tuchel អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ ទើបទំនេរពីការងារ ក្រោយលាឈប់ដឹកនាំក្រុមខ្លារខិន Bayern Munich បន្ទាប់ពីចប់រដូវកាលមុន ក្នុងនាមជាគ្រូបង្វឹកដែលឈ្នះពាន UEFA Champions League ជាមួយតោខៀវ Chelsea កាលឆ្នាំ២០២១៕