(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Oppo និង Ericsson បានប្រកាសថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាសកលលើការផ្តល់អាជ្ញាប័ណ្ណប៉ាតង់ឆ្លងដែន 5G។ ក្រោមកិច្ចព្រមព្រៀងរយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Oppo នឹងបង់ថ្លៃសួយសារដល់ក្រុមហ៊ុន Ericsson ដើម្បីប្រើប្រាស់បច្ចេកវិទ្យា 5G របស់ខ្លួននៅក្នុងឧបករណ៍នាពេលអនាគតរបស់ Oppo ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវកិច្ចសហប្រតិបត្តិការបច្ចេកទេស ការពង្រីកទីផ្សារ និងការសហការផ្សេងទៀតរវាងក្រុមហ៊ុនទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

លោក Feng Ying ប្រធានផ្នែកកម្មសិទ្ធបញ្ញា (Chief Intellectual Property Officer) របស់ Oppo បាននិយាយថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់គ្នាទៅវិញទៅមក និងការគោរពកម្មសិទ្ធិបញ្ញារបស់គ្នាទៅវិញទៅមក ហើយនឹងដាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហការបន្ថែមទៀត។ Oppo មានគោលបំណងដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមរយៈ «ការចរចាជាមិត្តភាពដោយការគោរពគ្នាទៅវិញទៅមកចំពោះតម្លៃប៉ាតង់»

ក្រុមហ៊ុន Ericsson បាននិយាយថា កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដែលមានសួយសារអាករនឹងអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគបន្ថែមលើបច្ចេកវិទ្យាទំនាក់ទំនងជាមូលដ្ឋាន។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Ericsson ក្នុងការបង្កើនប្រាក់ចំណូលលើអាជ្ញាប័ណ្ណប៉ាតង់របស់ខ្លួន ជាពិសេសនៅក្នុងផ្នែក 5G ក៏ដូចជាពង្រីកទៅកាន់ផ្នែកផ្សេងទៀតដូចជា IoT និងឧបករណ៍អេឡិចត្រូនិក។

គួរជម្រាបដែរថា ការប្រកាសនេះធ្វើឡើងជាច្រើនខែបន្ទាប់ពី Oppo និង Nokia បានដោះស្រាយជម្លោះប៉ាតង់ 5G របស់ពួកគេ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរ កំពុងស្ថិតក្នុងដំណាក់កាលនៃការចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូដែលមានស្រាប់ ដោយសារតែ Nokia បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយ Samsung, Honor និង Apple សម្រាប់ឧបករណ៍ដោយប្រើបច្ចេកវិទ្យាជំនាន់ក្រោយ៕