(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ បានជួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិកកម្ពុជា សរុបចំនួន ១៥រូប ដែលត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្ដបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ដ្ររបស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយ និងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជាពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយថាមពលរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ដោយឈរលើមូលដ្ឋានខាងលើ ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងវិធានការណ៍កំណែទម្រង់ជាក់ស្ដែងនានា វិស័យកីឡានៅតែជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត និងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម ជាពិសេសរួមចំណែកអភិវឌ្ឍមូលធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបចក្ខវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងឆ្នាំ២០២៥០ ។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានថ្លែងអបអរសាទរអត្តលិក ២ប្រភេទកីឡា ដែលត្រូវបានជ្រើសរើសតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ២០២៤ នេះ បន្ទាប់ពីឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់របស់សហព័ន្ធអន្ដរជាតិ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រួមមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រួមជាមួយកីឡាហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូដ និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អក្សរា កា តារីណា ។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ថែមទៀតថា «សូមអត្តពលិកខិតខំប្រឹងប្រែងប្រកួតតាមលក្ខណៈបច្ចេកទេស និងគោរពគោលការណ៍ Fair-Play ដោយឈរលើគុណតម្លៃអូឡាំពិក គឺ “ឧត្តមភាព គោរព និងមិត្តភាព - Excellence, Respect and Friendship” និងបាវនាអូឡាំពិក គឺ “លឿនជាង ខ្ពស់ជាង និងខ្លាំងជាង-ជាមួយគ្នា - Faster Higher Stronger – Together” ដោយខិតខំបំបែកកំណត់ត្រាខ្លួនឯង ស្របតាមស្មារតីកីឡា គឺ “ឈ្នះដោយយុត្តិធម៌ - ចាញ់ដោយកិត្តិយស”»

ជាមួយគ្នានេះ លោកបានណែនាំដល់ប្រតិភូដឹកនាំ ពិសេសគ្រូបង្វឹក និងអត្តពលិក ត្រូវតាមដាន យកចិត្តទុកដាក់ និងអនុវត្តតាមរបៀបវារៈអូឡាំពិក ឆ្នាំ២០២០+៥ របស់ IOC ដែលជាផែនទីបង្ហាញផ្លូវ និងការធ្វើកំណែទម្រង់ជាច្រើនលើការរៀបចំការប្រកួតអូឡាំពិក ក្នុងគោលបំណងបន្ដពង្រឹងលក្ខណៈពិសេស សកលភាព និងជំរុញការប្រកួតប្រកបដោយនិរន្ដរភាព ក៏ដូចជាលក្ខខណ្ឌតម្រូវឲ្យគ្រូបង្វឹក និងអត្តពលិកប្រឡងយកវិញ្ញាបនបត្រ ADEL ដែលជារឿងចាំបាច់ដើម្បីអាចចូលរួមការប្រកួតកីឡាអូឡាំពិកបាន ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការជួបសំណេះសំណាល និងលើកទឹកចិត្តខាងលើ លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បាននាំយកថវិកាលើកទឹកចិត្តផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៥នាក់ ក្នុងម្នាក់ៗ ៥០០ដុល្លារផងដែរ។ ប្រតិភូកីឡាអូឡាំពិករបស់កម្ពុជា គ្រោងនឹងចេញដំណើរនៅថ្ងៃទី២១ ខែកក្កដា ចុងសប្ដាហ៍នេះ ៕