(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកកំពុងផ្លាស់ប្តូរទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនចំនួនពីរទៀត គឺវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនរ៉ុក្កែត SpaceX ទៅកាន់រដ្ឋតិចសាស់ជំនួសវិញ បន្ទាប់ពីមិនពេញចិត្តនឹងច្បាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈផ្លាស់ប្តូរនៅពេលនេះ Elon Musk ដែលកាលពីសប្តាហ៍មុនបានបង្ហាញជំហរគាំទ្រគណបក្សសាធារណរដ្ឋ របស់លោក Donald Trump នោះ ក៏នឹងផ្លាស់ប្តូរទីតាំងក្រុមហ៊ុន Tesla និងអាជីវកម្មភាគច្រើនរបស់ខ្លួនទៅកាន់រដ្ឋតិចសាស់ផងដែរ។ ក្រៅតែពីការផ្លាស់ប្តូរទីតាំងក្រុមហ៊ុន មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានផ្លាស់ប្តូរទីលំនៅផ្ទាល់ខ្លួនកាលពីឆ្នាំ២០២១ ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ ថែមទៀតផង។

Musk បាននិយាយថា ច្បាប់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា ដែលហាមសាលារៀនក្នុងស្រុកជូនដំណឹងដល់ឪពុកម្តាយ នៅពេលដែលកូនៗរបស់ពួកគេផ្លាស់ប្តូរអត្តសញ្ញាណយេនឌ័រ ឬទំនោរផ្លូវភេទ បានជួយជំរុញឲ្យលោកដាច់ខាតត្រូវតែធ្វើសេចក្តីប្រកាសពីការផ្លាស់ទីតាំងក្រុមហ៊ុននៅថ្ងៃអង្គារ៍នេះ។ Elon Musk ដែលមានកូនស្រីកែភេទ បាននិយាយនៅក្នុងការពន្យល់ពីការសម្រេចចិត្តនៅលើ X ថា «ដោយសារតែច្បាប់នេះ និងច្បាប់ជាច្រើនទៀតដែលនាំមុខនេះ គឺបានវាយប្រហារទាំងគ្រួសារ និងក្រុមហ៊ុន»

គួរជម្រាបថា កាលពីឆ្នាំ២០២១ Elon Musk បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Tesla ពីរដ្ឋកាលីហ្វ័រញ៉ាទៅរដ្ឋតិចសាស់ផងដែរ ប៉ុន្តែបាននិយាយកាលពីឆ្នាំមុនថា កាលីហ្វ័រញ៉ានឹងនៅតែជាមជ្ឈមណ្ឌលវិស្វកម្មរបស់ខ្លួន៕