(បរទេស)៖ ការបំពេញកាតព្វកិច្ចជូនជាតិ ក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុប Euro 2024 ទើបតែបានបិទបញ្ចប់ ស្របពេលកីឡាករមួយចំនួន ក៏ធ្វើបានល្អ និងមួយចំនួនផ្សេងទៀត ក៏មានការខកខកចិត្តផងដែរ។

ការធ្វើបានល្អពីសំណាក់កីឡាករមួយចំនួននៅ Euro ជំនាន់ទី១៧ នេះ បានធ្វើឱ្យបណ្តាក្លិបមួយចំនួនចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្លិបផងដែរ គាប់ជួនស្ថិតក្នុងរដូវកាលដោះដូរកីឡាករថែមទៀតនោះ នៅមុនពេលរដូវកាលថ្មីចាប់ផ្តើមនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

១៖ ខ្សែបម្រើ Florian Wirtz របស់អាល្លឺម៉ង់ ដែលត្រូវបានជ្រើសរើសចេញពីក្លិប Bayer Leverkusen កំពុងត្រូវបានក្លិបអេស្ប៉ាញ FC Barcelona និង Real Madrid ធ្វើការទាក់ទង ដើម្បីផ្ទេរចេញនារដូវក្តៅនេះ។
២៖ ខ្សែការពារ Marc Guehi ដែលត្រូវបានលោក Gareth Southgate កោះហៅជំនួស Harry Maquire មកពីក្លិប Crystal Palace នោះ កំពុងត្រូវបានក្លិបលេងនៅ Premier League ដូចគ្នារួមមាន Arsenal និង Manchester United តាមចែចូវ ស្របពេល Palace មានទំនោរចង់ទុកកីឡាករវ័យទើបតែ ២៤ឆ្នាំរូបនេះ។

៣៖ ខ្សែបម្រើ Xavi Simons របស់ស្វីស កំពុងលេងឱ្យក្លិប Paris Saint Germain មានការចាប់អារម្មណ៍ពីក្លិប Arsenal, Manchester United និង Newcastle United ផងដែរ ដ្បិតកាលពីរដូវកាលមុន ត្រូវបាន PSG បញ្ជូនឱ្យទៅហាត់ក្បាច់គុណនៅ RB Leipzig ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga។
៤៖ ខ្សែបម្រើស្លាប Nico Williams នៃក្រុមជម្រើសជាតិអេស្ប៉ាញ កំពុងលេងឱ្យក្លិប Athletic Bilbao ត្រូវបានក្លិបរួមលីគ La Liga គឺ FC Barcelona ទាក់ទងក្នុងផ្ទេរទៅលេងនៅកីឡដ្ឋាន Camp Nou ក្រោយជួយអេស្ប៉ាញសម្រេចឈ្នះពាន Euro 2024 នៅប្រទេសអាល្លឺម៉ង់។

៥៖ ខ្សែបម្រើការពារ Joshua Kimmich របស់អាល្លឹម៉ង់ ត្រូវបានក្លិប Liverpool, Arsenal និង Manchester City ទាក់ទង បន្ទាប់ចំណាយពេលលេង ៩ឆ្នាំជាមួយ Bayern Munich។
៦៖ ខ្សែការពារ Riccardo Calafiori របស់អ៊ីតាលី ត្រូវបានក្លិបកាំភ្លើងធំ Arsenal ទាក់ទង ដ្បិតកីឡាករវ័យ ២២ឆ្នាំរូបនេះ ទើបជួយអាសូរីអ៊ីតាលីឈានដល់វគ្គ ១៦ក្រុមនៅ Euro 2024 ក្នុងនាមកីឡាករដែលជ្រើសរើសចេញពីក្លិប Bologna។

៧៖ ខ្សែបម្រើ Georgiy Sudakov របស់អ៊ុយក្រែន កំពុងត្រូវបាន Arsenal, Chelsea, Manchester City និង Liverpool ទាក់ទង ដើម្បីផ្ទេរចេញពីក្លិប Shakhtar Donetsk នារដូវកាលដោះដូរកីឡាករនេះដែរ។
៨៖ ខ្សែបម្រើ Dani Olmo ត្រូវបានក្លិបជាច្រើននៅអង់គ្លេសមានដូចជា Manchester United, Manchester City, Chelsea និង Liverpool កំពុងប្រជែងគ្នាចង់បាន ជាមួយនឹងតម្លៃទិញផ្តាច់កិច្ចសន្យា ៥០លានផោនពីក្លិប RB Leipzig ត្រឹមថ្ងៃទី២០ ខែកក្កដា។

៩៖ ខ្សែប្រយុទ្ធ Khvicha Kvaratskhelia របស់ហ្ស៊កហ្ស៊ី កំពុងត្រូវបានក្លិបជើងឯកបារាំង Paris Saint Germain ទាក់ទង ដ្បិតក្លិបពពកស Napoli បានដាក់តម្លៃលក់ចេញមានដល់ទៅ ៨៥.២លានផោន ស្របពេល Liverpool ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៣ឆ្នាំនេះដែរ៕