(ឥណ្ឌូនេស៊ី)៖ ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល A ក្រុមគោព្រៃជំទង់កម្ពុជា U19 បានត្រឹមការខកចិត្តក្នុងប្រកួតដែលបានចាញ់ក្រុមទីម័រខាងកើត ៣-២ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ ដ្បិតក្រុមគោព្រៃជំទង់កម្ពុជានៅសល់ ២ប្រកួតទៀត ក្នុងការស្វែងរកពិន្ទុចាប់យកឱកាសមានកៅអីឡើងវគ្គបន្ត។

នេះជាការយកបាន ៣ពិន្ទុដំបូងរបស់ក្រុមទីម័រខាងកើត ស្ថិតក្នុងពូល A ក្រោយការរកបាន ៣គ្រាប់បានយ៉ាងល្អក្នុងវគ្គទី១ ដោយកីឡាករ Canavaro, Bahkito និងកីឡាករ Ribeiro ខណៈ U19 កម្ពុជា រកបានការវាយបកមកវិញ ២គ្រាប់ នៅវគ្គទី២ ដោយកីឡាករ Borith និង Kimsong ក្នុងប្រកួតធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo នាទីក្រុង Surabaya។

តាមរយៈលទ្ធផលបណ្តោះអាសន្នក្រោយឆ្លងកាត់ ១ប្រកួតបើកឆាកនេះ សម្រាប់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានយកឈ្នះក្រុមហ្វីលីពីន ៦-០ ឈរកំពូលតារាងមាន ៣ពិន្ទុស្មើជាមួយក្រុមឈរលេខ២ ទីម័រខាងកើត ហើយក្រុម U19 កម្ពុជា ឈរលេខ៣ និងក្រុមហ្វីលីពីន ឈរបាតតារាង។

សម្រាប់ឱកាសស្វែរកពិន្ទុរបស់កម្ពុជា U19 គឺជាការប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែកក្កដា និងប៉ះក្រុមហ្វីលីពីន នៅថ្ងៃទី២៣ ខែដដែលនេះ ដ្បិតការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ នេះ គឺប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ដោយក្រុមណាមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង៕