(បរទេស)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងពាណិជ្ជកម្មអាមេរិកគ្រោងនឹងចេញច្បាប់ដែលបានស្នើឡើងលើយានយន្តរបស់ចិននៅក្នុងខែសីហាខាងមុខនេះ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិចំពោះទិន្នន័យរបស់ប្រជាជនអាមេរិក។ បទបញ្ញត្តិថ្មីនេះ មានគោលបំណងធានាថា កម្មវិធី software និងទិន្នន័យរថយន្តត្រូវបានផលិតនៅក្នុងប្រទេសដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

ប្រធានគ្រប់គ្រងការនាំចេញរបស់ក្រសួងពាណិជ្ជកម្មអាមេរិកលោក Alan Estevez បាននិយាយនៅក្នុងវេទិកាមួយនៅក្នុងរដ្ឋ Colorado ថា «យើងកំពុងសម្លឹងមើលសមាសធាតុមួយចំនួន និងកម្មវិធីមួយចំនួន - មិនមែនរថយន្តទាំងមូលនោះទេ - ប៉ុន្តែវាជាធាតុផ្សំសំខាន់ៗមួយចំនួនរបស់រថយន្ត ដែលគ្រប់គ្រងកម្មវិធី និងគ្រប់គ្រងទិន្នន័យជុំវិញរថយន្តនោះ ដែលនឹងត្រូវបង្កើតឡើងក្នុងប្រទេសសម្ព័ន្ធមិត្ត»។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដោយរដ្ឋបាលលោក Biden ក្នុងខែកុម្ភៈ ដើម្បីវាយតម្លៃថាតើការនាំចូលរថយន្តរបស់ចិនបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិដែរឬទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានសង្កត់ធ្ងន់លើហានិភ័យសំខាន់ៗដែលទាក់ទងនឹងយានជំនិះទាំងនេះ ដោយគូសបញ្ជាក់ថា ពួកគេប្រមូលទិន្នន័យរសើបអំពីអ្នកបើកបរ និងអ្នកដំណើរ ដែលអាចចែករំលែកជាមួយទីក្រុងប៉េកាំង។ រដ្ឋាភិបាលអាមេរិក ចាត់ទុកនេះជាបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ ស្រដៀងទៅនឹងការគំរាមកំហែង TikTok ហើយកំពុងចាត់វិធានការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងសមាសធាតុដែលផលិតដោយបរទេសនៅក្នុងវិស័យសំខាន់ៗ។

គួរជម្រាបដែរថា ច្បាប់ដែលបានស្នើឡើង គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីបង្កើនសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងឧស្សាហកម្មរថយន្ត និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងធន់ជាងមុន ដោយកាត់បន្ថយការពឹងផ្អែកលើប្រទេសជាសត្រូវ និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ សហរដ្ឋអាមេរិកក៏បានប្រកាសផងដែរនូវផែនការដំឡើងពន្ធបួនដងលើរថយន្តផលិតនៅប្រទេសចិន និងដាក់ពន្ធថ្មីលើអាគុយរថយន្តអគ្គិសនី គ្រឿងបន្លាស់ និងសារធាតុរ៉ែសំខាន់ៗ៕