(ម៉ាទ្រីដ)៖ ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បានចុះហត្ថលេខាបន្តកិច្ចសន្យា ១ឆ្នាំទៀតជាមួយក្លិប Real Madrid ដែលនឹងរក្សារូបលោក នៅក្លិបនេះ រហូតដល់ឆ្នាំ២០២៥។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ៣៨ឆ្នាំ ម្ចាស់ពានរង្វាន់ Ballon d'Or ក្នុងឆ្នាំ២០១៨ រូបនេះ បានឈ្នះពានរង្វាន់ Champions League លើកទី៦ ព្រមទាំងពានរង្វាន់ La Liga លើកទី៤ ជាមួយក្លិប Real កាលពីរដូវកាលមុន។

កិច្ចសន្យាមុនរបស់ Modric បានផុតកំណត់នៅពេលចប់រដូវកាល២០២៣-២០២៤។

មិនមានកីឡាករណាម្នាក់ បានឈ្នះពានរង្វាន់ជាមួយ Real Madrid ច្រើនជាងកីឡាករ Modric នោះទេ ដ្បិតរូបគេបានលើកពានរង្វាន់ចំនួន២៦ ចាប់តាំងពីបានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ក្នុងឆ្នាំ២០១២។

សូមជម្រាបថា Modric ធ្លាប់ទទួលការកោះហៅចំនួន ១៧៨លើក លេងឱ្យក្រុមជម្រើសជាតិក្រូអាត៕