(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបន្តណែនាំឱ្យប្រើប្រាស់ច្បាប់អាជ្ញាកណ្តាលថ្មីទៀត ដល់បណ្តាក្លិបនានា នៅក្នុងការប្រកួតពានអឺរ៉ុបផ្សេងទៀតដែរ ក្រោយទទួលបានជោគជ័យនៅ Euro 2024 ដែលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានបញ្ជាក់ថា ច្បាប់ថ្មីចំពោះអាជ្ញាកណ្តាល ដែលមានតែប្រធានក្រុមម្នាក់គត់មានសិទ្ធិនិយាយ ក៏ដូចជាតវ៉ាជាមួយអាជ្ញាកណ្តាលលើទីលាននោះ នឹងបន្តអនុវត្តន៍ក្នុងក្លិបជាបន្តទៀត នៃការប្រកួតពានរង្វាន់ UEFA Champions League, Europa League និង Europa Conference League ចាប់ពីរដូវកាលក្រោយតទៅ។

UEFA ក៏បានបញ្ជាក់ផងថា ក្រៅពីប្រធានក្រុម សមាជិកផ្សេងទៀត នឹងទទួលបានកាតលឿងភ្លាមៗតែម្តង ប្រសិនបើទៅតវ៉ាដោយផ្ទាល់នៅចំពោះអាជ្ញាកណ្តាល។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះបានបញ្ជាក់ថា «UEFA មានបំណងធ្វើឱ្យការប្រកួតដំណើរការទៅដោយរលូន និងមានការគោរពខ្លាំងឡើងចំពោះអាជ្ញាកណ្តាល។ ច្បាប់ថ្មីនេះដែរ នឹងបន្តអនុវត្តន៍ក្នុងការប្រកួតនានារបស់ UEFA ដែលនឹងចាប់ផ្តើមរដូវកាលថ្មីនាសប្តាហ៍ក្រោយ»

គួរបញ្ជាក់ផងថា អាជ្ញាកណ្តាលបានចាយកាតសរុបមានដល់ទៅ ១៦៦សន្លឹកទាំង ៣៦ប្រកួតនៃវគ្គសន្សំតាមពូលនៃ Euro 2024 មានចំនួនច្រើនជាងដាច់ បើប្រៀបធៀបទៅនឹង Euro 2020 ចាយកាតអស់តែ ៩៨សន្លឹកប៉ុណ្ណោះ ក្នុងការប្រកួតសន្សំពិន្ទុនេះដូចគ្នា៕