(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants របស់ឡាវដោយលទ្ធផល ៣-២ ក្នុងវគ្គជម្រុះជើងទី១ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship-Shopee Cup ឆ្នាំ២០២៤-២០២៥ ខណៈខ្សែបម្រើវ័យក្មេង ញាណ សុស៊ីដាន បានក្លាយជាវីរបុរសព្រះខ័នរាជស្វាយរៀង ក្រោយស៊ុតបំប៉ោងសំណាញ់ទីពីចម្ងាយយ៉ាងល្អនៅចុងម៉ោង។

ជំនួបដ៏ស្វិតស្វាញនៅពហុកីឡដ្ឋានជាតិឡាវនេះ ស្វាយរៀងបានដាក់សម្ពាធលើម្ចាស់ផ្ទះតាំងពីដើមវគ្គ រហូតដល់នាទី១៩ ទើបកីឡាករ Gabriel Silva ស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន។ បន្ទាប់មក Young Elephants ក៏មានឱកាសរកគ្រាប់តាមស្មើនៅនាទី៣៣ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធជនជាតិជប៉ុន ដែលជាអតីតសមាជិកក្រុមវិសាខា Takumu Nishihra។

ក្រោយការតាមស្មើរបស់ក្រុមម្ចាស់ផ្ទះប្រមាណ ៣នាទី អ្នកចាំទីព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា ក៏ត្រូវបានពិន័យកាតក្រហម ក្រោយបង្កកំហុសក្រៅប្រអប់លើគូប្រជែង ដែលប្ដូរមកវិញដោយកីឡាករ អាំ សុវណ្ណារ៉ាត់ ជំនួសកីឡាករ គួច ដានី។ ការបង្កកំហុសលើដំបូលទូកនោះដែរ ក៏ជាឱកាសនាំឲ្យកីឡាករ Shokhrukh ទាត់បាល់ហ្វ្រីឃីតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់ទៀតជួយឲ្យ Young Elephants នាំមុខ ២-១ នៅវគ្គទី១។

យ៉ាងណាក្ដីគេឃើញក្រុមព្រះខ័នរាជស្វាយរៀង មិនបានបោះបង់ការខំប្រឹងនោះទេ ដោយពួកគេបានព្យាយាមគាបសង្កត់លើគូប្រជែង ទោះបីសល់សមាជិកត្រឹម ១០នាក់ក្ដី។ ជាផលល្អនៅនាទី៥៥ អ្នកចាំទីដៃទីមួយក្រុមម្ចាស់ផ្ទះ Solasak Thilavong ក៏បានរងការពិន័យកាតក្រហមបណ្ដេញចេញពីទីលានផងដែរ ក្រោយបង្កកំហុសស្រដៀងគ្នានឹង វីរៈ ដារ៉ា លើសមាជិកក្រុមព្រះខ័នរាជស្វាយរៀង Christian Dos Santos។

ការសល់សមាជិក ១០នាក់ស្មើលើទីលាន នាំឲ្យព្រះខ័នរាជស្វាយរៀងព្យាយាមសម្រុកកាន់តែខ្លាំង រហូតដល់ចុងម៉ោងទើបពួកគេ រកបាន ២គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Christian Dos Santos រកបានគ្រាប់ទី២ នៅនាទី៩០ គ្រាដែលខ្សែបម្រើវ័យក្មេង ដែលជាសមាជិកថ្មីដូចគ្នា ញាណ សុស៊ីដាន បានបន្ថែមគ្រាប់ទី៣ ឲ្យក្រុមជើងឯកលីគកំពូលកម្ពុជានៅនាទី៩០+៤ ក្រោយប្ដូរចូលលេងបានប្រមាណជាង ២០នាទី។

ការវាយបកយកឈ្នះ ៣-២ នៅចុងម៉ោងនេះ បានធ្វើឲ្យអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង សប្បាយរីករាយជាខ្លាំង ដ្បិតនេះគឺជាផលចំណេញសម្រាប់ក្រុមតំណាងកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គចែកពូលនៃពានរង្វាន់ ASEAN Club Championship-Shopee Cup ឆ្នាំ២០២៤-២០២៥ ដែលក្រុមទាំងពីរ នឹងត្រូវធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នៅទឹកដីកម្ពុជាវិញម្ដងនាថ្ងៃទី២៤ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕