(បរទេស)៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលធ្លាប់តែមានបំណងហាមឃាត TikTok អំឡុងអាណត្តិរបស់លោក កាលពីឆ្នាំ២០២០នោះ នៅពេលនេះស្រាប់តែងាកមកគាំទ្រ TikTok វិញ បើទោះបីជាបច្ចុប្បន្ននេះ អាមេរិកកំពុងធ្វើច្បាប់យ៉ាងរឹតរឹង ដើម្បីហាមឃាត់កម្មវិធីវីដេអូខ្លីៗរបស់ក្រុមហ៊ុនចិន ByteDance ក៏ដោយ។ បន្ថែមពីនេះ លោកថែមទាំងចូលប្រើប្រាស់កម្មវិធីនេះផងដែរ ស្របពេលការបោះឆ្នោតប្រធានាធិបតីកាន់តែខិតចូលមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

Trump បានប្រាប់សារព័ត៌មាន Bloomberg នៅក្នុងបទសម្ភាសន៍នៃកម្មវិធី BusinessWeek ដែលបានបង្ហោះនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ដោយនិយាយថា «ខ្ញុំគឺដើម្បី TikTok ព្រោះអ្នកត្រូវការការប្រកួតប្រជែង។ ប្រសិនបើអ្នកមិនមាន TikTok អ្នកមាន Facebook និង Instagram»។ បេក្ខជនប្រធានាធិបតីអាមេរិក លោក Trump ដែលកាលពីមុនធ្លាប់តែហៅ TikTok ដែលមានអ្នកប្រើប្រាស់ខ្ទង់ ១៧០លាននាក់នៅអាមេរិក ថាជាការ «គំរាមគំហែង» ពេលនេះមិនត្រឹមតែបង្ហាញជំហរគាំទ្រឲ្យមានការប្រើប្រាស់ TikTok ទេ ថែមទាំងបានចូលប្រើប្រាស់កម្មវិធីនេះកាលពីខែមុនផងដែរ។ ការសម្រេចចិត្តចូលរួមប្រើប្រាស់វេទិកានេះ ត្រូវបានគេមើលឃើញថា អាចជួយរូបលោក ចាប់យកបេះដូងអ្នកបោះឆ្នោតវ័យក្មេង ជាពិសេសពីសំណាក់យុវវ័យដែលប្រើប្រាស់កម្មវិធីនេះ ត្បិតការបោះឆ្នោតកាន់តែខិតចូលមកដល់។

តាមរយៈផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីខាងលើ លោក Trump ដែលត្រូវបានហាមឃាត់ដោយគ្មានកំណត់ពីវេទិការបស់ Meta សម្រាប់ការប្រកាសអំពីកុបកម្ម Capitol Hill នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក៏ថែមទាំងបាននិយាយថា លោកមិនគាំទ្រ ឲ្យហាមឃាតកម្មវិធី TikTok ឡើយ។ យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយបែបនេះអំពី TikTok ពីសំណាក់លោក Donald Trump ត្រូវបាន TikTok បដិសេធមិនធ្វើអត្ថាធិប្បាយទេ។

គួរជម្រាបថា ក្នុងនាមជាប្រធានាធិបតីកាលពីអាណត្តិមុន ពោលគឺអំឡុងឆ្នាំ២០២០ លោក Trump បានព្យាយាមហាមឃាត់ TikTok និង WeChat ដែលជាកម្មសិទ្ធិរបស់ចិន ប៉ុន្តែត្រូវបានរារាំងដោយតុលាការ។ តែយ៉ាងណា នៅខែមិថុនា ឆ្នាំ២០២១ លោកប្រធានាធិបតី Joe Biden ក៏បានដកចេញនូវបទបញ្ជាហាមឃាត់នេះវិញ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance បច្ចុប្បន្ននេះកំពុងប្រឈមមុខនៅក្នុងតុលាការអាមេរិកចំពោះច្បាប់ដែលតម្រូវឱ្យវាលក់ TikTok នៅខែមករាឆ្នាំក្រោយ ឬប្រឈមនឹងការហាមឃាត់ ដោយសារតែបារម្ភពីបញ្ហាសន្តិសុខជាតិ៕