(ម៉ាឌ្រីដ)៖ ខ្សែបម្រើការពារមាឌល្អិត Lucas Vazquez បានបដិសេធក្លិបធំៗជាច្រើន មុនពេលបន្តកិច្ចសន្យា ១ឆ្នាំទៀតជាមួយអធិរាជស Real Madrid ដែលនឹងផុតកំណត់ដល់ខែមិថុនា ឆ្នាំ២០២៥ ដូចទៅនឹងរៀមច្បង Luka Modric ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo នៅថ្ងៃនេះ។

Vazquez ដែលដំបូងឡើយលេងឱ្យ Real Madrid ជាលក្ខណៈខ្ចីជើងពីក្លិប Espanyol មុនពេលទិញដាច់នោះ បានចំណាយពេលស្ទើរពេញមួយអាជីពបាល់ទាត់របស់លោកជាមួយអធិរាជស ដោយចូលលេងបាន ៣៤៩ប្រកួត ឈ្នះពាន La Liga ៤លើក និងពានធំ UEFA Champions League បាន ៥ដងទៀតផង។

រូបគេបានចូលលេងចំនួន ៣៨លើកគ្រប់កម្មវិធីប្រកួតទាំងអស់នារដូវកាលមុន បានរួមចំណែកជួយ Real Madrid ដណ្តើមបានជើងឯក La Liga និង UEFA Champions League ស្របពេល Vazquez ស៊ុតបាន ៣គ្រាប់ផងដែរ៕