(បែលហ្គ្រេដ)៖ ប្រធានក្រុមបាល់ទាត់ស៊ែប៊ី Dusan Tadic បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិរបស់លោក នៅថ្ងៃព្រហស្បតិ៍ បញ្ចប់ការលេង ១៦ឆ្នាំ ជាមួយស៊ែប៊ី ក្នុងនាមជាកីឡាករទទួលបានការកោះហៅ ច្រើនជាងគេបំផុត ជាមួយនឹងការបង្ហាញខ្លួន ១១១លើក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០០៨ Tadic បានដឹកនាំក្រុមជម្រើសជាតិ​ ក្នុងនាមជាប្រធានក្រុមនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ និងនៅ Euro ឆ្នាំ២០២៤។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានចូលនិវត្តន៍ ជាមួយនឹងការរកគ្រាប់បាល់បាន ២៣គ្រាប់ និងជួយឱ្យរកគ្រាប់បាល់បាន ៤០គ្រាប់។

កីឡាករ Tadic បានបញ្ជាក់ថា បើទោះបីជាលោកចូលនិវត្តន៍ ពីក្រុមជម្រើសជាតិក្តី លោកអាចនឹងវិលត្រឡប់មកវិញ ក្នុងសមត្ថភាពមួយផ្សេងទៀតនៅថ្ងៃអនាគត៕