(ភ្នំពេញ)៖ បណ្ដាប្រទេស និងក្រុមចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗ បានសម្ដែងការភ្ញាក់ផ្អើល លាន់មាត់ និងខ្លាចរអាកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលទើបកកើតប្រៀបបានដូចកូនង៉ែត តែមានអាវុធធ្ងន់ៗមិនធម្មតា សម្រាប់ការប្រកួតលើទីលាន។

នេះបើតាមការលើកឡើងរបស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់ពីចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្តរជាតិ ឥណ្ឌូណេស៊ី បើកទូលាយ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា កាលពីថ្មីៗ ដោយកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២)។

លោក អ៊ូ តារា ទទួលស្គាល់ បើប្រៀបធៀបលក្ខណៈបច្ចេកទេស កីឡាបញ្ចស៊ីឡាត់កម្ពុជា ប្រៀបបានកូនង៉ា ជាមួយបណ្ដាប្រទេសផ្សេងៗ ដែលគេហ្វឹកហាត់តាំងពីយូរមកហើយ។ ប៉ុន្ដែដោយសារកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជា មានមូលដ្ឋានគ្រឹះពីក្បាច់គុនល្បុក្កតោ និងក្បាច់គុនកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) បានធ្វើឲ្យពួកគេមានកម្លាំង និងអាវុធធ្ងន់ៗ ទាំងដៃ ទាំងជើង ទើបធ្វើឲ្យក្រុមចូលរួមទាំងអស់ តែងលាន់មាត់ និងខ្លាចរអារាល់ពេលដឹងថា ត្រូវជួបក្រុមកម្ពុជា។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ការប្រកួតជាមួយកីឡាករ-កីឡាការិនីកម្ពុជា ទោះបីឈ្នះ ឬចាញ់ ក៏ជួបការលំបាកដែរ។ គេខ្លាចកម្លាំងសុហ្វ និងទម្ងន់ ព្រោះគេប្រើទម្ងន់ស្រាល តែយើងប្រើធ្ងន់ៗ។ អ៊ីចឹងកីឡាករខ្លះ ឈ្នះយើងមែន តែមិនអាចបន្ដការប្រកួតបានទៀតទេ។ ដូច្នេះទើបគេស្គាល់បញ្ចស៊ីឡាត់កម្ពុជាកាន់តែច្បាស់។ គ្រាន់តែលឺ បញ្ចស៊ីឡាត់កម្ពុជា គេដឹងថា មូលដ្ឋានគ្រឹះរបស់យើង គឺមកពីគុនល្បុក្កតោ និងក្បាច់គុន កងយោធពលខេរភូមិន្ទ។ អ៊ីចឹងគេថា កម្ពុជាប្រកួតធ្ងន់ៗណាស់»

ទោះបីយ៉ាងនេះក្ដី លោកថា សហព័ន្ធនៅមិនទាន់ត្រេកអរនឹងលទ្ធផលនេះឡើង ដោយសហព័ន្ធត្រូវការពង្រឹងបច្ចេកទេសកាន់តែមុតស្រួចបន្ថែមទៀត ដើម្បីត្រៀមប្រជែងមេដាយមាសអន្ដរជាតិ។ ក្នុងនោះសហព័ន្ធគ្រោងនាំយកអ្នកជំនាញឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ក្បាច់គុន ធ្វើការជាមួយគ្រូខ្មែរ ដើម្បីសម្រួចគុណផលកីឡាករ-កីឡាការិនីកាន់តែខ្ពស់ ត្រៀមការប្រកួតAsian Indoor and Martial Arts Games នៅថៃ នាខែវិច្ឆិកា ឆ្នាំ២០២៤ និងស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាព្រឹត្តិការណ៍អន្ដរជាតិផ្សេងទៀតផង។

គួរដឹងថា ក្រុមកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ចប់បេសកកម្មនៃការប្រកួតកីឡាបញ្ចស៊ីឡាត់ អន្តរជាតិ ឥណ្ឌូណេស៊ី បើកទូលាយ លើកទី២ (2nd International Indonesia Pencak Silat Open Championship ) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ដែលមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ៧ប្រទេសចូលរួម កម្ពុជាដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២ និងឈរលេខរៀងទី១៤ ក្នុងចំណោម ៣៥ក្រុម។ សម្រាប់ដំណើរមាតុភូមិនិវត្ដន៍ខាងលើ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក តឹក ប៊ុនធឿន និង នាក់ ថារ៉ែន អនុប្រធានសហព័ន្ធផងដែរ៕