(មេនឆេស្ទើ)៖ Manchester United បានលក់ខ្សែប្រយុទ្ធជួរមុខ Mason Greenwood ទៅឱ្យក្លិប Marseille និងបានថែមលុយហោប៉ៅខ្លះ ដើម្បីទិញយកកីឡាករ Yoro មកពីក្លិប Lille របស់បារាំងដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ប្រភពព័ត៌មានរបស់អង់គ្លេសខាងលើបានបញ្ជាក់ថា បិសាចក្រហមបានលក់កីឡាករយុវជនដែលខ្លួនខំបណ្តុះបណ្តាលទៅឱ្យ Marseille ក្នុងតម្លៃ ២៦.៦លានផោន និងថែមលុយខ្លះទៀត ដើម្បីបង្រ្គប់ទិញខ្សែការពារកណ្តាល Leny Yoro របស់ Lille ក្នុងតម្លៃ ៥២លានផោន។

ខ្សែការពារវ័យទើបតែ ១៨ឆ្នាំរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Old Trafford រយៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើសថែមបាន ១២ខែទៀតផងដែរ ក្នុងនាមកីឡាករសំខាន់មួយរូបដែលបានចូលលេងក្នុងក្រុមធំរបស់ Lille តាំងពីវ័យ ១៦ឆ្នាំមកម្ល៉េះ ដ្បិតកន្លងមកក៏ត្រូវបានទាក់ទងដោយក្លិប Real Madrid និង Paris Saint Germain រួមទាំង Liverpool ក៏មានការចាប់អារម្មណ៍ទៀតផង។

ចំណែកឯកីឡាករវ័យ ២២ឆ្នាំ Greenwood វិញ បានបន្សល់ទុក ៣៥គ្រាប់ជាមួយ Man Utd ពីការចូលលេងបាន ១២៩ប្រកួត មុនពេលចាកចេញ ក្នុងនាមខ្សែប្រយុទ្ធធ្លាប់បង្ហាញខ្លួនជាមួយជម្រើសជាតិតោកំណាចអង់គ្លេសនាអំឡុងឆ្នាំ២០២០ មុនពេលកើតរឿងអាស្រូវជាមួយមិត្តស្រី ឈានដល់ការឃាត់ខ្លួននាខែមករា ឆ្នាំ២០២២៕