(បរទេស)៖ ខណៈ iPhone 16 មិនទាន់ប្រកាសចេញជាផ្លូវការផង នៅពេលនេះស្រាប់តែមានរបាយការណ៍ថ្មី ពី iPhone 17 ដែលនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥ ហើយប្រហែលជាមានកំណែពិសេសមួយនៅក្នុងត្រកូលនេះ ពោលគឺអាចនឹងមានឈ្មោះ iPhone 17 Slim ។ ស្មាតហ្វូននេះត្រូវបានគេជឿថា ជាម៉ូដែលថ្លៃបំផុតនៅឆ្នាំក្រោយ។ លើសពីនេះ iPhone 17 series ក៏នឹងមកដល់ជាមួយនឹងបន្ទះឈីប 2nm ផងដែរ។ ទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាមានការផ្លាស់ប្តូរផែនការមួយចំនួន ពោលគឺ Apple ទំនងជាពន្យារពេលប្រើប្រាស់បន្ទះឬង់ដែងស្រោបជ័រ (RCC) សម្រាប់ iPhone សម្រាប់ម៉ូដែលនេះ។ នេះបើយោងតាមកាចេញផ្សាយដោយគេហទំព័រព័ត៌មាន 91Mobiles។

យោងតាមអ្នកវិភាគល្បីលោក Ming-Chi Kuo ដែលជាអ្នកចែកចាយព័ត៌មានរបស់ Apple បានបញ្ជាក់នាពេលថ្មីៗនេះថា ក្រុមហ៊ុន Apple មិនមានគម្រោងនៅក្នុងការប្រើប្រាស់នូវបន្ទះទង់ដែងស្រោបជ័រ Resin-Coated Copper ទៀតនោះទេ នៅលើ Logic Boards របស់ iPhone 17 Series ដែលក្រុមហ៊ុននេះ គ្រោងនឹងធ្វើការសម្ពោធជាផ្លូវការណ៌នៅឆ្នាំក្រោយនេះ។ លោក Kuo បាននិយាយថា ការប្រើប្រាស់នូវ Resin-Coated Copper គឺមិនអាចបំពេញនូវតម្រូវការគុណភាពខ្ពស់របស់ក្រុមហ៊ុន Apple បាននោះទេ។ក្ រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវ Resin-coated copper តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះនៅលើ iPhones ប្រហែលជាដល់ទៅជំនាន់ iPhone 18។

គួរជម្រាបថា សម្រាប់ទង់ដែងស្រោបជ័រ Resin-Coated Copper នេះ គឺជាស្រទាប់ស្តើងមួយនៃបន្ទះទង់ដែង (Copper Foil Coated) ដែលភ្ជាប់ជាមួយនឹងជ័រ resin ដូចជាអេប៉ូស៊ី (Epoxy)។ ការប្រើប្រាស់នូវសមាសភាគនេះ គឺនឹងអនុញ្ញាតអោយបន្ទះ Logic Board មានកម្រ៉ាស់កាន់តែស្តើងជាងមុន ហើយក៏នឹងមានទំហំធំជាងមុនសម្រាប់ដាក់បញ្ចូលនូវសិនស័រ និងសមាសភាគជាច្រើនទៀតសម្រាប់ iPhones នាពេលខាងមុខ៕