(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ (CPL) ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមរដូវកាលថ្មី ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដោយមានបេក្ខភាព ១១ក្លិបចូលរួម គឺមានក្រុមកងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៏, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ, Life FC, អង្គរថាយហ្គឺរ និងក្រុម ISI ដង្កោសែនជ័យ។

នេះបើយោងតាមពិធីចាប់ឆ្នោតការប្រកួតផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីនេះ មានការចូលរួមពីលោក កាំង សេន អនុប្រធានក្រុមប្រឹក្សាអភិបាល និងជាតំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) ព្រមទាំងវត្តមានកីឡាករ និងតំណាងក្លិបសមាជិកទាំង ១១ ផងដែរ។

ទន្ទឹមជាមួយការចាប់ឆ្នោតនេះដែរ លោក រុន វិទូ ប្រធានគ្រប់គ្រងការប្រកួត CPL បានបង្ហាញពីប្រព័ន្ធមួយចំនួន ។ ក្នុងនោះប្រព័ន្ធប្រកួត និងលក្ខខណ្ឌជាច្រើន នឹងត្រូវអនុវត្តដូចរដូវកាលមុន តែមានចំណុចពិសេស ២ចំណុច ដែល CPL បានធ្វើការកែប្រែថ្មី សម្រាប់អនុវត្តក្នុងលីគរដូវកាលថ្មី ឆ្នាំ២០២៤/២៥។

ទី១- CPL អនុញ្ញាតឲ្យក្លិប អាចចុះបញ្ជីកីឡាករបរទេស ដែលទទួលបានសញ្ជាតិខ្មែរចំនួន ១នាក់ និងអាចលេងលើទីលានបាន។ នេះគឺជាលក្ខខណ្ឌថ្មី មានន័យថា ក្លិបទាំងអស់ ក្រៅពីអាចដាក់កីឡាករបរទេស ៥នាក់លេងលើទីលាន (ក្នុងនោះ ១នាក់ជាសមាជិកអាស៊ី AFC និងម្នាក់ជាសមាជិកអាស៊ាន AFF) ក្លិបនីមួយៗ ក៏អាចមានកីឡាករចូលសញ្ជាតិម្នាក់ទៀត លេងលើទីលានផងដែរ។

ទី២-ប្រព័ន្ធប្រកួត។ លីគឆ្នាំនេះ បែងចែកការប្រកួតជា ២ដំណាក់កាល ។ ដំណាក់កាលទី១ ប្រកួតលក្ខណៈលីគ ២ជុំ និងដំណាក់កាលទី២ ប្រកួតលក្ខណៈ ៦ក្រុមកំពូលតារាង TOP-6 និង ៥ក្រុមបាតតារាង(Bottom 5)។ ដូច្នេះលីគឆ្នាំនេះ មានបេក្ខភាព ៦ក្រុម ដែលមានឱកាសប្រជែងពាននៅដំណាក់កាលទី២ ជាមួយការប្រកួត ២ជុំបន្ថែម ផ្ទុយពីឆ្នាំមុន ដែលកំណត់ត្រឹម ៤ក្រុម ។ ហើយអ្វីដែលប្លែកៗ ក្រុមឈរលេខ៧ ដល់លេខ១១ ក៏ត្រូវបន្ដការប្រកួត ២ជុំបន្ថែមទៀត នៅដំណាក់កាលទី២ ផងដែរ។

ក្រឡេកទៅមើលកម្មវិធីប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៤/២៥ វិញ ក្រុមខ្លាំងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងវិសាខា ខណៈក្រុមណាហ្គាវើលដ៏ នឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នៅថ្ងៃទី១០ ខែសីហា។ រីឯថ្ងៃទី១១ ខែសីហា ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទុ, ក្រុមចំណូលថ្មី Life FC ជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ និងក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះទទួលក្រុមចំណូលថ្មី ក្រសួងមហាផ្ទៃ៕