(ភ្នំពេញ)៖ ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ២០២៤នេះ គឺកម្មវិធី CYCLING GREEN WONDERLAND ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែសីហា ខាងមុខនេះ។

នេះជាកម្មវិធីដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងខេត្តសៀមរាប ដែលរួមមានសកម្មភាពដាំដើមកូនដើម្បីជួយដល់បរិស្ថាន ប្រណាំងកង់ជាលក្ខណៈកម្សាន្ត ដើម្បីស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គរ និងរត់ប្រណាំងដោយបំពាក់ភ្លើងពណ៌ក្នុងពេលរាត្រីនាបរិវេនប្រាសាទអង្គរវត្ត។

នេះលើកទីមួយហើយដែលកម្មវិធីសប្បាយៗក្នុងពេលរាត្រីបែបនេះនឹងលេចចេញជារូបរាងឡើងនាទឹកដីអង្គររបស់យើងនៅក្នុងខែសីហាខាងមុខនេះ។ កម្មវិធីនេះមានការគាំទ្រដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីពេទ្យកុមារអង្គរ។

ការធ្វើឲ្យបរិស្ថាន និងទេសចរណ៍មានសក្តានុពលល្អឡើងគឺចាប់ផ្តើមពីយើងទាំងអស់គ្នាចូលរួមសហការ។ កម្មវិធីនេះសង្ឃឹមថានឹងមានអ្នកចូលយ៉ាងហោចណាស់ចន្លោះពី៧០០ទៅ១៥០០នាក់។

កម្មវិធីនេះចែកចេញជា៣ផ្នែកសំខាន់ៗ ដូចជា៖ ការដាំកូនឈើ ការប្រណាំងកង់ដោលរបស់កុមារ និងកង់យឺតរបស់យុវវ័យ ការរត់កំសាន្តបំពាក់ភ្លើងចំរុះពណ៌នាពេលរាត្រី ជុំវិញបរិវេនប្រាសាទអង្គរ
នេះជាការរួមចំណែកយ៉ាងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងគោលបំណងជួយកៀងគររកថវិកាដើម្បីទ្រទ្រង់ដល់មន្ទីពេទ្យកុមារអង្គរ និងជួយលើកកំពស់កំណើនទេសចរណ៍សម្រាប់ខេត្តសៀមរាបផងដែរ។ ការចូលរួមកម្មវិធីរបស់លោកអ្នកនាពេលនោះ មានន័យថាលោកអ្នកកំពុងតែជួយដល់សង្គមជាតិយើងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេរុ៍ ខមម្យូនីខេសិន (ខេមបូឌា) ឯ.ក គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាផ្សេងៗមួយចំនួនទៀតផងដែរនៅក្នុងឆ្នាំនេះ៕