(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Jaden Philogene បានវិលត្រឡប់ទៅកាន់ក្លិប Aston Villa វិញ។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League បានឱ្យដឹងនៅថ្ងៃសុក្រ ១ឆ្នាំបន្ទាប់ពីលោកបានផ្លាស់ទៅលេងនៅក្លិប Hull City។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

Philogene វ័យ ២២ឆ្នាំ បានចំណាយពេល ៣ឆ្នាំនៅសាលាបណ្ដុះបណ្ដាលរបស់ក្លិប Villa មុនពេលបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូង នៅក្លិបមួយនេះក្នុងឆ្នាំ២០២១។

លោកបានលេងខ្ចីជើងនៅក្លិប Stoke City និង Cardiff City មុនពេលផ្លាស់ទៅលេងអចិន្ត្រៃយ៍នៅក្លិប Hull ជាទីកន្លែងដែលលោករកបាន ១២គ្រាប់ ក្នុងការបង្ហាញខ្លួន ៣២លើកនៅលីគ English Championship។

លោកក៏លេងឱ្យក្រុមជម្រើសជាតិអង់គ្លេស U-21 កាលពីឆ្នាំមុនផងដែរ ដោយរកបាន ៣គ្រាប់ក្នុងចំណោម ៤ប្រកួត។

សូមជម្រាបថា Villa បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នៅលីគ Premier League កាលពីរដូវកាលមុន៕