(ខូភេនហាហ្គេន)៖ លោក Kasper Hjulmand បានលាលែងចេញពីតំណែងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បន្ទាប់ពីដំណើរការប្រកួតមិនទទួលបានជ័យជម្នះសោះ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤។ នេះបើយោងតាមសមាគមបាល់ទាត់ដាណឺម៉ាក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

លោក Morten Wieghorst ដែលធ្វើជាជំនួយការអ្នកចាត់ការ Hjulmand ពីឆ្នាំ២០២០ ហើយក៏ជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក U-21 ដែរនោះ នឹងទទួលបន្ទុកដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្ដាះអាសន្ន រហូតដល់ឆ្នាំ២០២៥។

បន្ទាប់ពីដឹកនាំបានរយៈពេល ៤ឆ្នាំ លោក Hjulmand បានលើកឡើងថា ក្រុមជម្រើសជាតិ ចាំបាច់ត្រូវការថាមពលថ្មី ហើយបានស្នើសុំឲ្យកិច្ចសន្យារបស់លោកដែលមានសុពលភាព ១ឆ្នាំទៀតនោះធ្វើការលុបចោល។ នេះបើតាមសមាគមបាល់ទាត់បានលើកឡើង។

សូមជម្រាបថា ដាណឺម៉ាកមិនទទួលបានលទ្ធផលឈ្នះទាល់តែសោះនៅក្នុង ៧ការប្រកួតចុងក្រោយរបស់ពួកគេជាប់ៗគ្នា ទាំងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ និងព្រឹត្តិការណ៍ European Championship ឆ្នាំ២០២៤ ដោយរកគ្រាប់បាល់បានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ៕