(ឡេវឺខូសិន)៖ ក្លិបអាល្លឺម៉ង់ Bayer Leverkusen បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិបារាំង Martin Terrier មកពីក្លិប Stade Rennais លេងនៅលីគបារាំង Ligue 1 លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើយោងតាមក្លិបលេងនៅ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Bundesliga បន្ទាប់ពីចំណាយពេល ៤រដូវកាល លេងនៅក្លិប Rennes ជាទីកន្លែងដែលលោកបានជួយក្លិបមានកៅអី UEFA Champions League ជាលើកដំបូង។
ស្របពេលដែលព័ត៌មានហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃប្រមាណ ២២លានអឺរ៉ូ (២៤លានដុល្លារ)។
Terrier បានបង្ហាញខ្លួនសរុបចូលគ្នា ២០២ប្រកួតក្នុង Ligue 1 ក្នុងពេលលេងឱ្យក្លិប Lille, Strasburg, Lyon និងក្លិប Rennes ដោយរកបាន ៦០គ្រាប់ និងបញ្ជូនបាល់បាន ២៤លើក។
សូមជម្រាបថា ក្លិបដែលដឹកនាំដោយគ្រូបង្គោល Xabi Alonso នេះ ក៏បានចុះកិច្ចសន្យាជាមួយខ្សែបម្រើ Aleix Garcia មកពីក្លិបអេស្ប៉ាញ Girona ផងដែរ ដោយកីឡាករវ័យ ២៦ឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ៥ឆ្នាំដូចគ្នា៕