(បរទស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន MG Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC Motor Corp ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួននៅអឺរ៉ុបក្នុងទីក្រុង Galicia ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនមានបំណងបញ្ចប់ការសម្រេចចិត្តរបស់ខ្លួនត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងគោលដៅនៃការចាប់ផ្តើមផលិតកម្មនៅរោងចក្រថ្មីនៅត្រីមាសទី៤ ឆ្នាំ២០២៧ ។ នេះបើយោងតាមការចេញផ្សាយដោយ Arena EV។

កត្តាជំរុញចម្បងនៅពីក្រោយការសម្រេចចិត្តរបស់ MG ក្នុងការបង្កើតរោងចក្រផលិតនៅអឺរ៉ុប គឺដើម្បីជៀសវាងការកើនឡើងពន្ធដែលដាក់ដោយសហភាពអឺរ៉ុបលើការនាំចូលរថយន្ត EV របស់ចិន។ សហភាពអឺរ៉ុបដំបូងបានកំណត់ពន្ធ ១០ភាគរយលើរថយន្ត EV របស់ចិន ប៉ុន្តែថ្មីៗនេះ បានកើនឡើងដល់ ៣៧.៦ភាគរយ សម្រាប់ SAIC ដែលជាក្រុមហ៊ុនមេរបស់ MG និងជាតម្លៃខ្ពស់បំផុត បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនក្នុងខែតុលា ឆ្នាំ២០២៣។

បន្ថែមពីលើប្រទេសអេស្ប៉ាញ MG ក៏កំពុងវាយតម្លៃទីតាំងជំនួសនៅប្រទេសហុងគ្រី និងសាធារណរដ្ឋឆេកផងដែរ ខណៈប្រទេសនេះមានតម្លៃពលកម្មទាបជាង។

ជុំវិញការតំឡើងពន្ធនេះ MG បានធ្វើការជំទាស់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ EU ដោយចាត់ទុកថា វាជាការរំលោភលើការប្រកួតប្រជែងដោយយុត្តិធម៌ និងគោលការពាណិជ្ជកម្មសេរី។

គួរជម្រាបដែរថា MG នឹងនៅតែបន្តពង្រីកផលប័ត្ររថយន្តអគ្គិសនីរបស់ខ្លួន ដោយពេលថ្មីៗនេះបានដាក់បង្ហាញរថយន្តស្ព័រអគ្គិសនី MG Cyber GTS នៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed 2024។ ក្រុមហ៊ុននៅតែផ្តោតលើការបម្រើទីផ្សារអ៊ឺរ៉ុប និងកំពុងចាត់វិធានការជាយុទ្ធសាស្រ្ត ដើម្បីធានានូវការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទិដ្ឋភាព EV ក្នុងតំបន់៕