(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនផលិត ChatGPT គឺ OpenAI កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប រួមទាំង Broadcom អំពីការបង្កើតបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

OpenAI មានគោលបំណងបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួនដើម្បីដោះស្រាយការខ្វះខាតដែលកំពុងបន្ត និងការចំណាយខ្ពស់ទាក់ទងនឹង GPUs ។ ខណៈការផ្លាស់ប្តូរនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃម៉ូដែល AI កម្រិតខ្ពស់ដូចជា ChatGPT និង DALL-E 3 ជាដើម។

យោងតាមមនុស្សដែលដឹងពីរបាយការណ៍នេះបានឱ្យដឹងថា OpenAI ក៏កំពុងតែទាក់ទាញអតីតបុគ្គលិករបស់ Google ដែលមានជំនាញផ្នែក TPU (Tensor Processing Unit) ឱ្យមកចូលរួមនៅក្នុងគម្រោងបង្កើតបន្ទះឈីបម៉ាស៊ីនមេ AI ថ្មីរបស់ខ្លួនផងដែរ។ អ្នកនាំពាក្យរបស់ OpenAI បាននិយាយថា «OpenAI កំពុងមានការសន្ទនាជាបន្តបន្ទាប់ជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងអ្នកពាក់ព័ន្ធរបស់រដ្ឋាភិបាល អំពីការបង្កើនលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីធានាថាអត្ថប្រយោជន៍របស់ AI អាចចូលដំណើរការបានយ៉ាងទូលំទូលាយ»។

បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីដើមឆ្នាំនេះបានបង្ហាញថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI លោក Sam Altman មានគម្រោងរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារឯណោះ សម្រាប់ការបង្កើតបណ្តាញរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបជាដៃគូសហការរួមមាន Intel, Taiwan Semiconductor Manufacturing Co និង Samsung Electronics៕