(ឥណ្ឌូនេស៊ី)៖ កុំភ្លេច! ក្រុមជម្រើសជាតិយុវជន U19 កម្ពុជា នឹងបន្តការប្រកួតដណ្តើមយក ៣ពិន្ទុជាចំបាច់ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតក្នុងប្រកួតទី២ ពូល A ដើម្បីមានកៅអីឡើងវគ្គបន្ត ក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលធ្វើឡើងនាវេលាម៉ោង ៧:៣០នាទីយប់នេះ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ។

ជាមួយការឈានចូលដល់ប្រកួតទី២ នេះ ស្ថិតក្នុងពេលបង្វឹកកូនក្រុមគោព្រៃជំទង់ U19 កម្ពុជា លោកគ្រូ ភា សុភ័ក្រ្តា បានលើកឡើងចំពោះមុខកូនអំពីការតាំងចិត្ត នឹងលើកទឹកចិត្តថា «សំខាន់បំផុតអនាគតរបស់ពួកយើង ហើយបន្ទាប់ពីបានមើល Video highlight លោកគ្រូអត់មានវិប្បដិសារីនៅការរើសអ្នកណាមកខុសនោះទេ សង្ឃឹមថាយើងនឹងធ្វើបានល្អសម្រាប់ ២ប្រកួតចុងក្រោយ គឺដើម្បីអនាគតរបស់ពួកយើង» ។

រំលឹកផងថា ក្រោយពីឆ្លងកាត់ប្រកួតទី១ វគ្គសន្សំពិន្ទុពូល A សម្រាប់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានយកឈ្នះក្រុមហ្វីលីពីន ៦-០ ឈរកំពូលតារាងមាន ៣ពិន្ទុស្មើជាមួយក្រុមឈរលេខ២ ទីម័រខាងកើត ហើយក្រុម U19 កម្ពុជា ឈរលេខ៣ និងក្រុមហ្វីលីពីន ឈរបាតតារាង។

សម្រាប់ឱកាសស្វែងរកពិន្ទុយ៉ាងសំខាន់របស់កម្ពុជា U19 គឺជាការប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែកក្កដា និងប៉ះក្រុមហ្វីលីពីន នៅថ្ងៃទី២៣ ខែដដែលនេះ បន្ទាប់ពីលេងបើកឆាកចាញ់ក្រុមទីម័រខាងកើត ៣-២ ។

ដ្បិតការប្រកួតពានរង្វាន់កម្រិត U19 នេះ គឺប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ដោយក្រុមណាមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង៕