(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី៣ ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ” ស្ថិតនៅ វាយោ នរា (Veayo Norea) ដោយទទួលបានការអញ្ជើញចូលរួមពីគណៈធិបតី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងលោកបណ្ឌិត ឃឹម លាង អនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។

ក្នុងកម្មវិធីនេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះអនុស្សារណៈយោគយល់ជាមួយសមាគម ២ រួមមាន សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងគោលបំណងកសាងបណ្ដាញអាជីវកម្ម ការចែករំលែកព័ត៌មាន បង្កើតឱកាសផ្គូផ្គងអាជីវកម្ម ការសហការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ និងវគ្គបណ្តុះបណ្តាល ការសហការរៀបចំដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ និងការជជែកពិភាក្សាអំពីគោលនយោបាយធរុកិច្ចនៅកម្ពុជា។

សមាគមក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូល ដោយមានការចែករំលែកពីវាគ្មិនជំនាញៗ តាមរយៈការផ្ដោតសំខាន់ទៅលើខ្លឹមសារសំខាន់ៗចំនួនបី រួមមាន (១). ការត្រៀមខ្លួនក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីអាចដាក់ពាក្យស្នើជំនួយវិនិយោគ ឬមូលនិធិ (Grant) ពីអង្គការ ឬស្ថាប័នម្ចាស់ជំនួយ (២). ការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងអាជីវកម្ម ដើម្បីទទួលបានមូលធនឯកជន (Private Equity) និង(៣). ការត្រៀមខ្លួនរបស់អាជីវកម្មដើម្បីឈានឆ្ពោះទៅរកការឡើងផ្សារហ៊ុន (Initial Public Offering)៕