(ព្យុងយ៉ាង)៖ អត្តពលិកកូរ៉េខាងជើង នៅថ្ងៃសៅរ៍ បានចាកចេញពីប្រទេសរបស់ខ្លួន ឆ្ពោះទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា Paris Olympics។ នេះបើយោងតាមសារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលពួកគេបានត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍រដូវក្តៅនេះជាលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំ។

អត្តពលិកកូរ៉េខាងជើង ប្រមាណ ១៦នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រមាណ ៧ប្រភេទកីឡានៅទីក្រុង Paris ក្នុងនោះរួមទាំងកីឡាប្រដាល់ និងកីឡាវាយតេន្នីសលើតុផងដែរ។ នេះបើយោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡារបស់កូរ៉េខាងជើង លោក Kim Il Guk បានចូលរួមជាមួយនឹងប្រតិភូកីឡាធ្វើដំណើរធ្វើទៅកាន់ទីក្រុង Paris នៅថ្ងៃសៅរ៍ផងដែរ។

អត្តពលិករាប់ពាន់នាក់ បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីរបស់បារាំងហើយ មុនពេលព្រឹត្តិការណ៍ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដារហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។

គួរជម្រាបថា កូរ៉េខាងជើង មិនបានបញ្ជូនប្រតិភូកីឡាទៅចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Olympic ឆ្នាំ២០២០ ដែលបានពន្យារពេលធ្វើឡើងនៅក្នុងឆ្នាំ២០២១ នោះទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសនេះ ភ័យខ្លាចពីជំងឺរាតត្បាត។

ប្រទេសមួយនេះ ត្រូវបានហាមឃាត់ក្នុងការចូលរួមប្រកួតនៅព្រឹត្តិការណ៍ Beijing Winter Olympics បន្ទាប់ពីមិនបានចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុង Tokyo ឆ្នាំ២០២១។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានឈ្នះមេដាយមាស ២គ្រឿងនៅឯព្រឹត្តិការណ៍ Rio Olympics ក្នុងឆ្នាំ២០១៦ ជាការប្រកួតលើកចុងក្រោយរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡារដូវក្តៅមួយនេះ៕