(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីជំនួប សហគ្រិនវ័យក្មេងលើកទី៣ ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ»។ កម្មវិធីជួបជុំសហគ្រិនវ័យក្មេងនេះ ជាកម្មវិធីដែលប្រារព្ធឡើង ក្រោមប្រធានបទខុសៗគ្នា តាមការសិក្សា និងវាយតម្លៃដោយសមាគម អំពីតម្រូវការជាក់ស្ដែង របស់ម្ចាស់អាជីវកម្មគ្រប់វិស័យនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជួយសម្រួល និងគាំទ្រដល់សហគ្រិននៅកម្ពុជា ឱ្យកាន់តែមានភាពធន់រឹងមាំ ប្រកបដោយនវានុវត្តន៍ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

អស់រយៈពេល ១៥ ឆ្នាំមកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នគាំទ្រ ដល់សហគ្រិននៅកម្ពុជា ដែលជាចលកររួមចំណែកដ៏ចម្បង ដល់វឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុងកម្មវិធី បានថ្លែងឡើងអំពីទិដ្ឋភាពរួមនៃ ទីផ្សារមូលបត្រនៅកម្ពុជា និងអភិបាលកិច្ចសាជីវកម្ម ក៏ដូចជាទិដ្ឋភាពរួម របស់គោលនយោបាយធុរកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគោលនយោបាយ ច្បាប់ និងបទប្បញ្ញតិដែលពាក់ព័ន្ធបន្ថែម ដើម្បីវិវត្តតាមទាន់សម័យបច្ចេកវិទ្យា ដែលកំពុងមានការអភិវឌ្ឍជឿនលឿនទៅមុខជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏កំពុងតែយកចិត្តទុកដាក់ពង្រឹង ការអនុវត្តគោលនយោបាយទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាព ដើម្បីអាចគ្រប់គ្រងវិស័យមូលបត្រនៅកម្ពុជា ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

ក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី៣នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះអនុស្សារណៈយោគយល់ ជាមួយសមាគម២រួមមាន សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងសមាគមសហគ្រិនស្ត្រីកម្ពុជា។

ការចុះអនុស្សារណៈយោគយល់ ជាមួយសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មានគោលបំណង៣សំខាន់៖
១៖ ការកសាងបណ្ដាញអាជីវកម្ម៖ សមាគមទាំងពីរ នឹងសហការ រួមគ្នា ជួយគាំទ្រក្នុងការកៀរគរ សមាជិកដែលជាម្ចាស់អាជីវកម្ម ឱ្យចូលរួមក្នុងកម្មវិធីករសាងបណ្ដាញអាជីវកម្ម ដើម្បីសម្របសម្រួលឱ្យសហគ្រិនទាំងអស់ ទទួលបាននូវឱកាសបង្កើតកិច្ចសហការអាជីវកម្ម តាមរយៈការចូលរួមកម្មវិធីផ្សេងៗ ដែលរៀបចំដោយសមាគមណាមួយ។
២៖ ការចែករំលែកព័ត៌មាន៖ សមាគមទាំងពីរ នឹងចែករំលែកព័ត៌មានរវាងគ្នាទៅវិញទៅមក ដោយផ្ដោតសំខាន់ទៅលើ ការអនុវត្តប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាត្រូវជំរុញ ការលើកកម្ពស់ឱកាសអាជីវម្ម របស់សមាជិកសមាគមទាំងពីរ។

៣៖ ឱកាសផ្គូផ្គងអាជីវកម្ម៖ សមាគមទាំងពីរ នឹងសហការគ្នា ណែនាំឱ្យស្គាល់នូវដៃគូអាជីវកម្ម សក្ដានុពលឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រីកឱកាសអាជីវកម្ម ដល់សមាជិករបស់សមាគមទាំងពីរ។

ការចុះអនុស្សរណៈយោគយល់ ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងសំខាន់ៗ ៤ដូចជា៖
១៖ ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍៖ សមគមទាំងពីរ នឹងរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយ ទៅកាន់សមាជិក អំពីកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំដោយសមាគមដៃគូណាមួយ និងជួយជ្រោមជ្រែង ផ្ដល់នូវធនធាន ដូចជាទីតាំង វាគ្មិន និងឧបករណ៍សម្ភារផ្សព្វផ្សាយជាដើម។
២៖ ការរៀបចំវគ្គបណ្តុះបណ្តាល៖ សមាគមទាំងពីរ នឹងសហការរៀបចំវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ដែលអាចជួយដល់ការពង្រឹង សមត្ថភាពសហគ្រិនវ័យក្មេង និងសហគ្រិនស្ត្រី និងសហការអនុវត្តកម្មវិធីអភិវឌ្ឍជំនាញសំខាន់ៗ ដែលចាំបាច់ក្នុងការគ្រប់គ្រងអាជីវកម្ម ទៅកាន់សមាជិក សមាជិករបស់សមាគមទាំងពីរ ដោយសហការសម្របសម្រួល ឱ្យមានការផ្លាស់ប្ដូរគ្រូបង្វឹក និងអ្នកជំនាញ ដើម្បីចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធ នៅក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗ។
៣៖ ការរៀបចំដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ៖ សមាគមទាំងពីរ នឹងសហការរៀបចំដំណើរទស្សនកិច្ច អាជីវកម្មទៅកាន់បណ្ដាប្រទេសដែលមានសក្ដានុពលជាច្រើន ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការចាត់តាំងប្រតិភូតំណាងវិស័យឯកជន ដើម្បីទៅចូលរួមវេទិកាធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងទស្សនកិច្ចទៅកាន់សហគ្រាសជោគជ័យនៅតាមបណ្ដាប្រទេសផ្សេងៗ។
៤៖ ការជជែកពិភាក្សាអំពីគោលនយោបាយ៖ ដោយសមាគមទាំងពីរនឹងប្រមូលយកនូវ បញ្ហាប្រឈមអាជីវកម្ម ដែលសមាជិកសមាគមទាំងពីរកំពុងជួបប្រទះ ហើយចងក្រងជាទិន្នន័យ រួមមួយជាក់លាក់ ដើម្បីធ្វើសំយោគ វិភាគ និងវាយតម្លៃ ដើម្បីស្វែងរកដំណោះស្រាយ ដាក់ជូនទៅកាន់រាជរដ្ឋាភិបាល ដែលគំនិតផ្តួចផ្តើមសកម្មភាពទាំងអស់នេះ គឺដើម្បីផ្ដល់អត្ថប្រយោជន៍ ដល់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជាជារួម និងអត្ថប្រយោជន៍ សម្រាប់សមាជិករបស់សមាគមទាំងពីរជាពិសេស។

បន្ថែមលើនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាតុមូលដ៏សំខាន់មួយ ដើម្បីជជែកពិភាក្សាទៅលើប្រធានបទ ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ ដែលមានវាគ្មិនជាអ្នកមានចំណេះ ជំនាញ និងបទពិសោធខាងវិស័យហិរញ្ញវត្ថុ និងការវិនិយោគ ក្នុងនោះរួមមាន លោក ខូវ អេងឡេង ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន EMIA លោក ថៃ ញ៉ា អគ្គនាយក នៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា និងអ្នកស្រី អ៊ិត កល្យាណ អនុប្រធានគម្រោងហាវែស III ដោយមានការសម្របសម្រួលកិច្ចពិភាក្សាដោយ អ្នកស្រី ជុន ថុថានី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អិមវីយូ អ៊ិនវេសម៉ិន ម.ក.។

ខ្លឹមសារសំខាន់ៗក្នុងកិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើ៖ ការត្រៀមខ្លួនក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីអាចដាក់ពាក្យស្នើយកជំនួយវិនិយោគ ឬមូលនិធិ (Grant) ពីអង្គការ ឬស្ថាប័នម្ចាស់ជំនួយ, ការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងអាជីវកម្ម ដើម្បីទទួលបានមូលធនឯកជន (Private Equity) និង ការត្រៀមខ្លួនរបស់អាជីវកម្ម ដើម្បីឈានឆ្ពោះទៅរកការឡើងផ្សារហ៊ុន (Initial Public Offering)។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «សមាគមកំពុងខិតខំប្រឹងប្រែង អនុវត្តគម្រោងផែនការសកម្មភាពជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រិនដែលជាសមាជិក និងគម្រោងអភិវឌ្ឍសហគ្រិនភាព តាមរយៈសេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងសេដ្ឋកិច្ចឆ្នៃប្រឌិត ក៏ដូចជាការតស៊ូមតិ និងផ្ដល់យោបល់ផ្នែកគោលនយោបាយធុរកិច្ច និងនិយ័តកម្ម ព្រមទាំងការស្វែងរកទីផ្សារទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិជូនសមាជិក ដូចជាការរៀបចំឱ្យមានដំណើរទស្សនកិច្ចអាជីវកម្មទៅកាន់បណ្ដាប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េ ចិន ថៃ និងឡាវជាដើម»

លោកឧកញ៉ាបានបន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា កំពុងរៀបចំចាត់តាំងក្រុមម្ចាស់អាជីវកម្ម តាមវិស័យសំខាន់ៗ ដើម្បីចងក្រងជាកម្លាំងចលករសេដ្ឋកិច្ច ក្នុងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងស្វែងរកឱកាសនិងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ហើយក៏ជាគំរូល្អសម្រាប់សហគ្រិនវ័យក្មេងជំនាន់ក្រោយ៕