(ភ្នំពេញ)៖ សាក្សី គឺជាតួអង្គដ៏សំខាន់នៅក្នុងរឿងក្ដីនីមួយៗ ពីព្រោះថា រាល់ចម្លើយរបស់សាក្សីដែលត្រូវបានផ្ដល់ជូនដល់តុលាការ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ គឺអាចរកបាននូវព័ត៌មាន ឬភស្តុតាងបន្ថែម ដែលអាចផ្ដល់ភាពងាយស្រួលដល់ការសម្រេចសេចក្ដីរបស់តុលាការ និងអាចផ្ដល់យុត្តិធម៌ ជូនដល់ជនរងគ្រោះ ។ ក៏ប៉ុន្តែ ក្នុងករណីសាក្សីផ្ដល់សក្ខីកម្មភូតកុហក (ចម្លើយមិនពិត) នោះនឹងមានការជះឥទ្ធិពល ដល់ការសម្រេចសេចក្ដី ។

ហេតុនេះហើយ បានជាក្រមព្រហ្មទណ្ឌកម្ពុជា បានចែងនូវមាត្រាមួយចំនួន ដើម្បីការពារសាក្សី និងដាក់ទោសចំពោះសាក្សី ដែលប្រព្រឹត្តអំពើខុសច្បាប់ ។ ម្យ៉ាងវិញទៀត មិនត្រឹមតែសាក្សីនោះទេ ដែលត្រូវមានទោសចំពោះអំពើល្មើសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ក្រមព្រហ្មទណ្ឌក៏បានចែងអំពីបទល្មើស និងផ្ដន្ទាទោសលើបុគ្គលណាដែលបានសូកប៉ាន់សាក្សី មិនឱ្យធ្វើជាសាក្សី ឬ ផ្ដល់នូវសក្ខីកម្មភូតកុហក (ចម្លើយមិនពិត) ដល់តុលាការ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធផងដែរ ។

តើ បទសូកប៉ាន់សាក្សី គឺជាអ្វី ? អ្នកដែលប្រព្រឹត្តបទល្មើសមួយនេះ នឹងត្រូវទទួលរងនូវទណ្ឌកម្មបែបណាស្របតាមបញ្ញត្តិច្បាប់កម្ពុជា ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ បានលើកយកប្រធានបទស្តីពី «បទសូកប៉ាន់សាក្សី» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម ។

ដោយយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា ៥៤៨ បានបញ្ញត្តិថា បទសូកប៉ាន់សាក្សី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រាល់បុគ្គលណាដែលប្រគល់ឱ្យ សាក្សីដោយផ្ទាល់ ឬ ប្រយោល នូវអំណាយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍អ្វីមួយ ដើម្បី ៖

* ១៖ មិនធ្វើជាសាក្សី ។
* ២៖ ផ្ដល់នូវសក្ខីកម្មភូតកុហក ។

ឧទាហរណ៍ លោក «ក» បានហៅកញ្ញា «ខ» មកញុំាអីជុំគ្នាជាមួយមិត្តភក្ដិ នៅផ្ទះរបស់ខ្លួន នាពេលយប់ ។ បន្ទាប់ពីពួកគាត់បានញុំាអីរួចរាល់ហើយ អ្នកដែលចូលរួមផ្សេងទៀតបានត្រលប់ទៅផ្ទះវិញរៀងខ្លួន ដោយនៅសល់តែលោក «គ» ម្នាក់តែប៉ុណ្ណោះជាប់ចូលបន្ទប់ទឹក ហើយឆ្លៀតក្នុងឱកាសនោះ លោក «ក» ក៏បានចាប់កញ្ញា «ខ» រំលោភសេពសន្ថវៈ ស្រាប់តែពេលនោះ លោក «គ» ចេញពីបន្ទប់ទឹកមក ក៏ឃើញសកម្មភាពទាំងនោះ ។ លុះស្អែកឡើងកញ្ញា «ខ» បានប្ដឹងលោក «ក» ទៅប៉ុស្តិ៍ប៉ូលីស ពីបទល្មើសរំលោភសេពសន្ថវៈ ។ លោក «ក» ដោយខ្លាចលោក «គ» ធ្វើជាសាក្សី ក៏បានយកលុយចំនួន ១.០០០ ដុល្លារអាមេរិក ឱ្យលោក «គ» ដើម្បីមិនឱ្យនិយាយអ្វីទាំងអស់ដែលខ្លួនបានឃើញកាលពីយប់មិញ ហើយមិនឱ្យធ្វើជាសាក្សីថែមទៀតផង ។ ចំពោះសកម្មភាពខាងលើ ដែលលោក «ក» បានប្រព្រឹត្តនោះ ជាបទល្មើស សូកប៉ាន់សាក្សី នេះមិនទាន់រាប់បញ្ចូលករណី កញ្ញា «ខ» ដែលបានប្ដឹងទៅប៉ុស្តិ៍ប៉ូលីស ពីបទល្មើសរំលោភសេពសន្ថវៈ ទៀតផង ។

សរុបមក បទសូកប៉ាន់សាក្សី ជាបទល្មើសមួយដែលច្បាប់បានចែងយ៉ាងតឹងរ៉ឹង ដើម្បីផ្ដន្ទាទោសលើបុគ្គលណាដែលហ៊ានប្រព្រឹត្តនូវសកម្មភាពសូកប៉ាន់សាក្សី ដោយឱ្យសាក្សីធ្វើការផ្ដល់នូវសក្ខីកម្មភូតកុហក ឬ មិនធ្វើជាសាក្សី នៅក្នុងរឿងក្ដី ដែលជាហេតុនាំឱ្យបាត់នូវភស្ដុតាងមួយចំនួនដើម្បីរកភាពយុត្តិធម៌ជូនដល់ជនរងគ្រោះ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕