(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានប្រកាសគាំទ្រ និងរៀបចំការប្រកួត Mobile Legends Bang Bang ដណ្ដើមពានរង្វាន់ WOWNOW & Prince Mall League រដូវកាលទី៣ ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើការប្រកួតនាចុងខែកក្កដានេះ។ ការប្រកួតនេះ បាននឹងកំពុងបើកឲ្យចុះឈ្មោះចូលរួម ដោយបិទឈប់ទទួលពាក្យត្រឹមថ្ងៃទី២៨ ខែកក្កដា និងកំណត់យក ៥១២ក្រុមប៉ុណ្ណោះចូលរួមប្រកួត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកួតដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិ។ បន្ថែមលើនេះ លោកក៏សង្ឃឹមថា អ្នករៀបចំនឹងជំរុញឲ្យមានការប្រកួតផ្នែកនារីដោយឡែកមួយទៀត ដើម្បីលើកកម្ពស់ស្ដ្រីក្នុងវិស័យកីឡាអេឡិចត្រូនិកម្ពុជាផងដែរ។

សម្រាប់ព្រឹត្តិការណ៍ខាងលើ គ្រោងនឹងចាប់ផ្ដើមការប្រកួតជម្រុះ ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខណៈថ្ងៃបន្ទាប់ នឹងត្រូវធ្វើការចាប់ឆ្នោតសម្រាប់វគ្គ ១៦ក្រុមចុងក្រោយ មុនបន្ដការប្រកួតវគ្គចែកពូល ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រមចុងក្រោយ ចាប់ពីថ្ងៃទី០៧-១១ ខែសីហា។ បន្ទាប់មកទើបជម្រុះយកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមការពារតំណែងជើងឯក See You Soon និងក្រុមជើងឯករង CFU Gaming នាថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។

ចំពោះប្រាក់រង្វាន់ជយលាភី ឆ្នាំ២០២៤ នេះ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៤,០០០ដុល្លារ, លេខ២ ទទួលបាន ២,៥០០ដុល្លារ, លេខ៣ ទទួលបាន ១,០០០ដុល្លារ និងលេខ៤ ទទួលបាន ៦៥០ដុល្លារ៕