(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ បានដឹកនាំប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ចេញទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

ដំណើរចាកចេញពីមាតុភូមិ ដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី ថោង ខុន ខាងលើ អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ព្រមទាំងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត ។ រីឯអត្តពលិកមាន ២ប្រភេទកីឡា ក្នុងនោះមានកីឡាហែលទឹក ២រូប គឺមានកីឡារកូនកាត់ខ្មែរ-បារាំង កូសុង ដឺ ឡាប រ៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា ដឹកនាំដោយគ្រូបង្វឹកកញ្ញា ហែមថុន វិទិនី និងអត្តពលកម្មម្នាក់ គឺម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ដឹកនាំដោយគ្រូបង្វឹកលោក បូរ ពុធរាត្រី ។

បេសកកម្មរបស់ប្រតិភូកីឡាអូឡាំពិកកម្ពុជានេះដែរ ក្រៅពីត្រៀមចូលរួមអបអរសាទរពិធីបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែកក្កដា ចុងសប្ដាហ៍ក្រោយ លោកបណ្ឌិត ថោង ខុន នឹងមានជំនួបជាច្រើន ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិក នៃបណ្ដាប្រទេសអឺរ៉ុប និងអាស៊ី ពិសេសជំនួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC), ប្រធានាធិបតីប្រទេសស្វីស ក៏ដូចជារៀបចំជួបជុំជាមួយបណ្ដាប្រទេសសមាជិក IOC ទាំងអស់ ដើម្បីប្រាស្រ័យទាក់ទង និងពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងគោលបំណងធ្វើការជំរុញការផ្សព្វផ្សាយចលនាអឡាំពិកជាតិ និងអន្ដរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិផងដែរ ។

ជាក់ស្ដែងលោកទេសរដ្ឋមន្ដ្រី ក៏នឹងមានជំនួបទ្វេភាគីមួយចំនួន ជាមួយសហព័ន្ធកីឡាបាល់គប់ប្រទេសអ៊ីតាលី និងសហព័ន្ធកីឡាបាល់គប់អន្ដរជាតិ ដើម្បីធ្វើការជួបពិភាក្សា និងពិនិត្យទៅលើការអភិវឌ្ឍកីឡាបាល់គប់ ។ មិនតែប៉ុណ្ណោះ តបតាមការសន្យាលោកបណ្ឌិត ថោង ខុន ក៏គ្រោងនឹងជួបជាមួយប្រធានគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ បន្ទាប់ពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ ធ្លាប់ធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានសន្យានឹងជួបគ្នា កំឡុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ដើម្បីពិភាក្សាបន្ដទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង NOC កម្ពុជា និង NOC ប៉ូឡូញ ទៅលើផ្នែកមួយចំនួន ដែលរំពឹងថា នឹងរួមគ្នាធ្វើការអភិវឌ្ឍវិស័យកីឡារវាងប្រទេសទាំងពីរ ។

ក្រៅពីជំនួបសំខាន់ៗខាងលើ លោកបណ្ឌិត ថោង ខុន ក៏នឹងធ្វើការជួបជាមួយបណ្ដាភាគីផ្សេងទៀត ពាក់ព័ន្ធនឹងចលនាអូឡាំពិក ដើម្បីយកឱកាសនៃការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះ ជាការពង្រឹងនូវសាមគ្គីភាព មិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង NOC និង NOC ក៏ដូចជារវាង NOC ជាមួយ IOC និងបណ្ដាប្រទេសសមាជិកនៃចលនាអូឡាំពិកអន្ដរជាតិ ក្នុងគោលបំណងធ្វើការអភិវឌ្ឍនូវចលនាអូឡាំពិក ក៏ដូចជាស្វែងយល់ និងចែករំលែកបទពិសោធន៍ផ្សេងៗទៅលើការអភិវឌ្ឍចលនាអូឡាំពិក នៃបណ្ដាប្រទេសទាំងអស់ផងដែរ ។

សូមរំឮកថា មុនដំណើរឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្ដងថ្ងៃនេះ កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ លោកទេសរដ្ឋមន្ដ្រី ថោង ខុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ល្អៗ ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ក្នុងនោះលោកក៏បានពាំនាំនូវថវិកាលើកទឹកចិត្តផ្ទាល់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន ១៥នាក់ ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ ៕