(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Real Madrid គឺ Kylian Mbappe ជាកីឡាករទទួលបាននឿយហត់ច្រើនជាងគេប្រចាំក្លិប និងឈរលេខ៣ នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នាពេលបច្ចុប្បន្ន។ នេះបើយោងតាមព័ត៌មានចេញផ្សាយនៅលើ Channel Telegram ថ្ងៃនេះ។

ប្រធានក្រុមជម្រើសជាតិបារាំងខាងលើ ទើបតែបានបង្ហាញខ្លួនជាកីឡាកររបស់ Real Madrid ផ្លូវកាលពីរាត្រីថ្ងៃអង្គារដើមសប្តាហ៍ ដែលទទួលបានថ្លៃនឿយហត់ប្រចាំឆ្នាំមានដល់ទៅ ៣១.២លានអឺរ៉ូ តាមពីក្រោយ Robert Lewandowski ទទួលបាន ៣៣.៥លានអឺរ៉ូ និងលេខ១ Frenkie de Jong របស់ FC Barcelona ដូចគ្នា ទទួលបានដល់ទៅ ៣៧.៥លានអឺរ៉ូឯណោះ។

គួរបញ្ជាក់ផងថា មានកីឡាករ Real Madrid ដល់ទៅ ៦នាក់ក្នុងចំណោម Top-10 នៅក្របខណ្ឌ La Liga ស្របពេល Barcelona មាន ៣នាក់ និង Atletico Madrid មានតែកីឡាករចាំទី Jan Oblak ម្នាក់គត់ដែលទទួលបានថ្លៃនឿយហត់ប្រចាំឆ្នាំប្រមាណ ២០.៨លានអឺរ៉ូ៕