(មីឡាន)៖ លោក Marotta ប្រធានក្លិបបាល់ទាត់អាជីព Inter Milan បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Lautaro Martinez បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិបរួចរាល់ហើយ ពោលគឹនឹងផុតកំណត់នៅឆ្នាំ២០២៩ ឯណោះ។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយនៅលើ Channel Telegram នៅថ្ងៃនេះ។

លោកបានបញ្ជាក់ប្រាប់ Sky Sport ថា «កិច្ចសន្យាថ្មីនេះ នឹងត្រូវប្រកាសចេញជាផ្លូវការនៅប៉ុន្មានសប្តាហ៍ខាងមុខទៀតតែប៉ុណ្ណោះ»។

លោក Marotta បានបញ្ជាក់បន្ថែមថា កិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំនេះដែរ នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងប្រាក់បន្ថែម ៩លានអឺរ៉ូក្នុង ១ឆ្នាំទៀតដែរ។

គួររំលឹកផងថា Martinez ជាកីឡាករសំខាន់មួយរូបដែលបានរួមចំណែកជួយ Inter Milan ដណ្តើមបានជើងឯកលីគកំពូល Serie A រដូវកាលមុន នៅពេលក្រុមមួយនេះបានរងជើងឯក UEFA Champions League ទោះចាញ់ Man City ផ្តាច់ព្រ័ត្រកាលឆ្នាំ២០២៣ ក៏ដោយ។

Martinez ជាម្ចាស់ស្បែកជើងមាស Golden Boot នៅព្រឹត្តិការណ៍ Copa America 2024 ដោយស៊ុតបាន ៥គ្រាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនការពារពានប្រចាំតំបន់អាមេរិកឡាទីនមួយនេះបានសម្រេចផងដែរកាលសប្តាហ៍មុន ដែលមានសហរដ្ឋអាមេរិក ធ្វើម្ចាស់ផ្ទះ៕