(បរទេស)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal បានរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Swedish Open 2024 របស់ប្រទេសស៊ុយអែត ក្រោមស្នាដៃគូប្រជែង Nuno Borges នៅលើទីលានដីឥដ្ឋ នារាត្រីថ្ងៃអាទិត្យស្ថិតក្នុងទីក្រុង Bastad។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជាលើកដំបូងផងដែរសម្រាប់កីឡាករចាស់វស្សាសញ្ជាតិអេស្ប៉ាញ ដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ គិតចាប់តាំងពីឆ្នាំ២០២២ មក ក្រោយជួបបញ្ហារបួសជាបន្តបន្ទាប់។

នៅក្នុងការប្រកួតនោះដែរ Borges ដែលឈរនៅលេខរៀងទី៥១ នៃតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ននេះ បានយកឈ្នះ Nadal ក្នុងលទ្ធផល ២-០ ជាមួយនឹងលំដាប់ពិន្ទុ ៦-៣ និង ៦-២ ទៅលើអតីតជើងឯកពានក្នុងកម្រិត Grand Slam ២២សម័យមិនឱ្យតដៃរួចបាន ១សិតឡើយ ដ្បិតរូបគេធ្លាក់ដល់ចំណាត់ថ្នាក់លេខ២៦១ ទៅហើយនាពេលនេះ។

កីឡាករសញ្ជាតិព័រទុយហ្គាល់ Borges បានឈានមកដល់ផ្តាច់ព្រ័ត្រក្នុងកម្រិត ATP ជាលើកដំបូងរបស់ខ្លួន បើប្រៀបជាមួយ Nadal មានដល់ទៅ ១៣១លើកឯណោះ ដោយបានប្រើពេល ៤៦នាទី ដើម្បីទទួលបានជ័យជម្នះក្នុងសិតទី១ មុនពេលបន្តធ្វើបានល្អទៀតក្នុងសិតទី២ ក្នុងការទទួលបានជើងឯកតែម្តង៕