(អាយរេស)៖ ឪពុករបស់កីឡាករ Enzo Fernandez បានសំដែងការហួសចិត្ត ចំពោះប្រទេសមួយចំនួនតូចនៅអឺរ៉ុប ដែលបានរិះគន់កូនប្រុសរបស់ខ្លួនថា បានច្រៀងចម្រៀងក្នុងន័យរើសអើងជាតិសាសន៍ពួកគេ នៅអំឡុងចូលរួមអបអរការឈ្នះពាន Copa America 2024 របស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

បើយោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើ Channel Telegram ដោយបានដកស្រង់សំដីឪពុក Enzo បានបញ្ជាក់ថា «វាពិតជាលំបាកខ្លាំងណាស់ ក្នុងការឱ្យអឺរ៉ុបយល់ពីសាវតាបាល់ទាត់របស់ពួកយើង។ នៅចាំទេកាលឆ្នាំ២០២១៤ ពេលអាល្លឺម៉ង់យកឈ្នះពួកយើង ដើម្បីលើកពាន World Cup ពួកគេក៏បានបញ្ចេញកាយវិការ ក្នុងន័យម៉ាក់ងាយដល់ពួកយើងដែរ»

លោកបានបន្ថែមថា «លើសពីនេះទៀត កាលបារាំងលើកពាន World Cup 2018 ពួកគេក៏បានម៉ាក់ងាយចំពោះកម្ពស់ទាបរបស់ Lionel Messi ទៀតផង ក៏ប៉ុន្តែពួកយើងពុំដែលចេញប្រតិកម្មចំពោះរឿងទាំងនេះម្តងណាទេ»

យ៉ាងណាក៏ដោយ បញ្ហារបស់ Enzo Fernandez មិនទាន់បានបញ្ចប់នៅឡើយ ដ្បិតសហព័ន្ធបាល់ទាត់បារាំង រួមទាំង FIFA និងក្លិបដែលរូបគេកំពុងលេងគឺ តោខៀវ Chelsea បានកំពុងស៊ើបអង្កេតថាតើ វាពិតជាខុសនឹងក្រមសីលធម៌ ឬយ៉ាងណា ដ្បិតកីឡាករវ័យក្មេងរូបនេះ បានបង្ហាញភាពលេចធ្លោរជាងគេតាមរយៈការច្រៀង និងកាយវិការក្នុងពិធីអបអរសាទរការឈ្នះពាន Copa America 2024 គម្រប់លើកទី១៦ របស់អាហ្សង់ទីនកាលថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងនៅអាមេរិក)៕