(បរទេស)៖ បញ្ហាគាំង Windows នៅថ្ងៃសុក្រសប្តាហ៍មុនទទួលបានរបាយការណ៍មកថា បណ្តាលមកពីសេវាកម្ម Cloud របស់ Microsoft និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike ដែលបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters។

តើអ្វីទៅ គឺជាក្រុមហ៊ុន Crowdstrike ហើយក្រុមហ៊ុននេះមានតួនាទីអ្វីខ្លះ?

CrowdStrike គឺជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏លេចធ្លោមួយដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋតិចសាស់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពទៅលើសេវាកម្ម Cloud ជាពិសេសផលិតផលដ៏ល្បីរបស់ខ្លួនគឺ Falcon ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងការពារការគំរាមកំហែងតាមអ៊ីនធឺណិតនៅទូទាំងវេទិកានានា ដោយផ្តោតជាចម្បងលើប្រព័ន្ធប្រតិបត្តិការ Windows។

CrowdStrike ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ឬមេរោគ ransomware ដែលបានក្លាយជាជម្រើសដ៏ល្អបំផុត និងបានយកទៅប្រើប្រាស់នៅទូទាំង ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសេវាកម្មច្រើនផ្សេងទៀត។ អាចនិយាយបានថា ប្រសិនបើមានបញ្ហាណាមួយដែលត្រូវបានវាយប្រហារតាមអ៊ីនធឺណិតនោះ សេវាកម្ម CrowdStrike នឹងអាចចូលទៅជួយទប់ស្កាត់ទាន់ពេលវេលា។

យ៉ាងណាមិញជុំវិញបញ្ហានេះ នាយកប្រតិបត្តិ (CEO) របស់ CrowdStrike លោក George Kurtz បានបំភ្លឺថាឧបទ្ទវហេតុនេះមិនមែនជាការវាយប្រហារតាមអ៊ីនធឺណិតនោះទេ ប៉ុន្តែជាកំហុសនៅក្នុងការធ្វើបច្ចុប្បន្នភាព (update) ទៅវិញ។ CEO លោក George Kurtz បានធ្វើការសូមអភ័យទោសជាសាធារណៈចំពោះបញ្ហាបច្ចេកវិទ្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើឱ្យខាតបង់ទាំងពេលវេលា និងថវិកា។ លោក Kurtz បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវតម្លាភាពទាក់ទងនឹងឧបទ្ទវហេតុ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍នេះ ដើម្បីការពារការកើតឡើងនាពេលអនាគត៕