(បរទេស)៖ នៅថ្ងៃសុក្រសប្តាហ៍មុន រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ាបានប្រកាសផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ចំនួន ២២០លានដុល្លារ ដោយអះអាងថាបានស៊ើបអង្កេតរកឃើញពីការរំលោភលើច្បាប់ការពារទិន្នន័យ និង សិទ្ធអ្នកប្រើប្រាស់របស់ខ្លួននៅលើ Facebook និង WhatsApp។ នេះបើយោងតាមការចេញផ្សាយដោយ CNA។

យោងតាមសេចក្តីថ្លែងការណ៍ពីគណៈកម្មការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់សហព័ន្ធ (FCCPC) របស់ប្រទេសនីហ្សេរីយ៉ា បានលើកឡើងពីចំណុចសំខាន់ៗចំនួនប្រាំដែល Meta បានបំពានច្បាប់ទិន្នន័យនៅក្នុងប្រទេសអាហ្វ្រិកខាងលិចរួមមាន៖ ការចែករំលែកទិន្នន័យរបស់ជនជាតិនីហ្សេរីយ៉ាដោយគ្មានការអនុញ្ញាត, បិទសិទ្ធអ្នកប្រើប្រាស់ ឬបដិសេធមិនឱ្យអ្នកប្រើប្រាស់កំណត់ទៅលើទិន្នន័យដោយខ្លួនឯង, ការអនុវត្តការរើសអើង ក៏ដូចជា ការរំលោភលើការគ្រប់គ្រងទីផ្សារ។

លោក Adamu Abdullahi ប្រធានស្តីទីនៃ FCCPC បានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើការអនុវត្តរបស់ Meta ក្នុងរយៈពេល ៣៨ខែ «គណៈកម្មាការមានការពេញចិត្តជាមួយនឹងភស្តុតាងសំខាន់ៗនៅលើកំណត់ត្រា ហើយថាភាគី Meta ត្រូវបានផ្តល់គ្រប់ឱកាសដើម្បីបង្ហាញជំហររបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់នេះ…ទីបំផុត គណៈកម្មាការសម្រេចចាត់វិធានការជាក់លាក់ដើម្បីអនុលោមតាមច្បាប់នីហ្សេរីយ៉ា និងបញ្ឈប់ការអនុវត្តទាំងឡាយណាដែលកេងប្រវ័ញ្ចអ្នកប្រើប្រាស់ ឬបំពានសិទ្ធិរបស់ពួកគេ រួមទាំងបានចេញការពិន័យប្រឆាំងនឹងភាគី Meta»

យ៉ាងណាជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Meta មិនបានឆ្លើយតបភា្លមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

នីហ្សេរីយ៉ា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្វ្រិក ហើយក៏មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុតនៅលើពិភពលោកផងដែល មានអតិថិជនសកម្មចំនួន ១៥៤លាននាក់ក្នុងឆ្នាំ២០២២ នេះបើយោងតាមទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះ។ បើទោះបីជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើននៅក្នុងប្រទេសនីហ្សេរីយ៉ាក៏ដោយ ទីភ្នាក់ងាការពារទិន្នន័យក្នុងប្រទេសនេះបានឱ្យដឹងថា Meta បានបរាជ័យក្នុងការអនុលោមតាមបទប្បញ្ញត្តិការពារទិន្នន័យនីហ្សេរីយ៉ា បានបរាជ័យក្នុងការចូលរួមជាមួយអង្គការអនុលោមតាមច្បាប់ការពារទិន្នន័យ ហើយមិនបានដាក់របាយការណ៍សវនកម្មបទប្បញ្ញត្តិការការពារទិន្នន័យនីហ្សេរីយ៉ាអស់រយៈជាងពេលពីរឆ្នាំ។

គួរជម្រាបដែរថា ប្រទេសនីហេរីយ៉ាចាប់ផ្តើមបើកការស៊ើបអង្កេតលើការរំលោភបំពាននេះ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១មកម្លេះ ខណៈពេលនោះគឺបើកការស៊ើបអង្កេតលើគោលការណ៍ឯកជនភាពរបស់ WhatsApp និងក្រោយមកបានជូនដំណឹងដល់ Meta ពីការរកឃើញ និងបានស្នើសុំ «កញ្ចប់សំណង» ប៉ុន្តែក្រុមហ៊ុនយក្សនេះហាក់មិនអើពើរ និងបានបរាជ័យក្នុងការដោះស្រាយកង្វល់ជាបន្តបន្ទាប់៕