(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Nvidia កំពុងធ្វើការឌីហ្សាញ់បន្ទះឈីបដ៏មានឥទ្ធិពលស៊េរីថ្មីមួយ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈការធ្វើកំណែបន្ទះឈីបថ្មីនេះ គឺដើម្បីឲ្យស្របទៅនឹងច្បាប់ដែលសហរដ្ឋអាមេរិកដាក់ចេញ ក្នុងន័យរឹតបន្តឹងលើការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅចិន។ នេះបើតាមការបង្ហើបពីប្រភព ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

គេនៅចាំបានថាក្រុមហ៊ុនផលិតបន្ទះឈីប AI យក្ស Nvidia កាលពីខែមីនាកន្លងទៅ បានប្រកាសបង្ហាញនូវស៊េរីបន្ទះឈីបថ្មីមួយមានឈ្មោះថា «Blackwell» ដែលនឹងត្រូវផលិតក្នុងចំនួនដ៏ច្រើននៅចុងឆ្នាំ២០២៤នេះ។ នៅក្នុងស៊េរីនោះមានប្រភេទ B200 គឺជាបន្ទះឈីបល្បឿលឿនជាងបន្ទះឈីបកំពូលបច្ចប្បន្ន៣០ដង ដែលប្រើសម្រាប់ chatbots ជាដើម។ ប្រភពមិនបញ្ចេញឈ្មោះបានបង្ហើបថា Nvidia នឹងធ្វើការជាមួយ ក្រុមហ៊ុន Inspur ដែលជាដៃគូចែកចាយដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន លើការចេញលក់ និងចែកចាយបន្ទះឈីប ដែលត្រូវបានគេហៅថា «B20»

យ៉ាងណាមិញជុំវិញដំណឹងនេះ Nvidia មិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។ អ្នកនាំពាក្យរបស់ Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈខាងក្រុមហ៊ុន Inspur ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។

គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងការនាំចេញឧបករណ៍អេឡិចត្រូនិក ឬបន្ទះឈីបទំនើបៗទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ក្នុងបំណងទប់ស្កាត់ការរីកចម្រើនរបស់ទីក្រុងប៉េកាំង នៅក្នុងវិស័យនេះ ប៉ុន្តែបរិក្ខារសម្រាប់ផលិតផលទំនិញប្រើប្រាស់មិនស្ថិតក្នុងផ្នែកនៃការរឹតបន្តឹងនេះទេ៕