(ភ្នំពេញ)៖ ធនាគារ ABA បង្ហាញការគាំទ្ររបស់ខ្លួនជាបន្ដបន្ទាប់ដោយបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ដុល្លារបន្ថែមទៀតដល់សមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) សម្រាប់កម្មវិធីផ្តល់អាហារូបករណ៍ និងកម្មវិធីអប់រំរបស់សមាគម។

ការប្រគល់ប្រាក់ឧបត្ថម្ភនេះ បានធ្វើឡើង​នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ២០២៣មក ធនាគារ ABA បានឧបត្ថម្ភដំណាក់កាលទី២ ដល់ AMT សម្រាប់ការងារដ៏មានតម្លៃនិងគួរឲ្យស្ញប់ស្ញែងរបស់សមាគម ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់ សិស្ស-និស្សិត ដែលជួបការលំបាក និងគ្មានលទ្ធភាព ដើម្បីបន្ដការសិក្សាថ្នាក់ឧត្តមសិក្សា។

លើកឡើងនាឱកាសប្រគល់ប្រាក់រង្វាន់នេះលោក Askhat Azhikhanov បានឱ្យដឹងថា យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់សមាគម ក្នុងការផ្តល់អាហារូបករណ៍​ដល់ប្អូនៗសិស្ស-និស្សិត ដែលមិនមានលទ្ធភាពបន្ដថ្នាក់ឧត្តមសិក្សា ហើយថែមទាំងបញ្ជូននិស្សិតទៅសិក្សាក្រៅប្រទេសផងដែរ។ ការអប់រំប្រកបដោយគុណភាព និងចម្រុះគ្នានេះ ពិតជាមានសារៈសំខាន់ ដែលមិនអាចមើលរំលងបានឡើយ ហើយកិច្ចការរបស់សមាគមAMT មានឥទ្ធិពល ព្រមទាំងរួមចំណែកយ៉ាងសំខាន់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា”។

លោក Askhat បានបន្ថែមថា ដើម្បីបង្ហាញពីការគាំទ្រដ៏មុះមុត និងការប្ដេជ្ញាចិត្តជាបន្ដបន្ទាប់របស់ ABA យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសមាគម AMT ដើម្បីបន្ដការគាំទ្រដោយឧបត្ថម្ភ ១០០,០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ៣ឆ្នាំ ហើយក្នុងជំនួបនាថ្ងៃនេះគឺជាឆ្នាំទី២ នៃការឧបត្ថម្ភគាំទ្រជាមួយថវិកាចំនួន ១០០,០០០ដុល្លារអាមេរិក។

លោក សុខ ពុទ្ធិវុធ បានថ្លែងដែរថា យើងសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាល និងថ្នាក់អ្នកដឹកនាំរបស់ធនាគារ ABA សម្រាប់ទឹកចិត្តសប្បុរស ដ៏មានតម្លៃ ដែលអនុញ្ញាតឲ្យ AMT បន្ដផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាព របស់ពួកគាត់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស​ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ដែរថា ធនាគារ ABA បានគាំទ្រកម្មវិធីអាហារូបករណ៍ និងការអប់រំរបស់ AMT ចាប់តាំងពីឆ្នាំ២០២២ ដើម្បីឲ្យ AMT បន្តកិច្ចការដ៏មានតម្លៃរបស់ខ្លួន ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់វឌ្ឍនភាពរបស់ប្រទេសជាតិនាពេលអនាគត។ យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រនេះ និងកិច្ចខិតខំប្រឹងប្រែងរបស់ AMT នឹងជួយសិស្ស-និស្សិតកម្ពុជា ទទួលបាននូវការអប់រំប្រកបដោយគុណភាព និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគាត់៕