(ប៉ារីស)៖ ក្លិបបារាំង Marseille កាន់តែប្រកៀក ដើម្បីចុះកិច្ចសន្យាជាមួយខ្សែបម្រើដាណឺម៉ាក និងក្លិប Tottenham Hotspur កីឡាករ Pierre-Emile Hojbjerg។ នេះបើយើងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នឹងរួចរាល់ក្នុងការចាកចេញពីក្លិប ដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុង London ហើយនឹងមានតម្លៃខ្លួនប្រមាណ ១៧លានផោន។

Hojbjerg បានចូលរួមជាមួយ Spurs កាលឆ្នាំ២០២០ ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥លានផោន ផ្ទេរមកពីក្លិប Southampton។

លោកបានបង្ហាញខ្លួន ៣៩លើក សម្រាប់ Spurs នារដូវកាលមុន ប៉ុន្តែមានត្រឹមតែ ១០លើកប៉ុណ្ណោះ ដែលលោកបានលេងក្នុងជម្រើស ១១នាក់ដំបូង ខណៈអ្នកចាត់ការ Ange Postecoglou ពេញចិត្តកីឡាករ Yves Bissouma និងកីឡាករ Pape Matar Sarr ក្នុងតំបន់បម្រើកណ្ដាលជាង។

សូមជម្រាបថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ បានឈានដល់ឆ្នាំចុងក្រោយ នៃកិច្ចសន្យារបស់លោកជាមួយក្លិប Tottenham ហើយនឹងអាចផ្ទេរដោយឥតបង់ថ្លៃ នៅក្នុងឆ្នាំ២០២៥ ប្រសិនបើកិច្ចសន្យាថ្មីបរាជ័យ៕