(ឡុងដ៍)៖ Aston Villa បានចុះហត្ថលេខាជាមួយខ្សែបម្រើ Amadou Onana មកពីក្លិប Everton ក្នុងកិច្ចព្រមព្រៀងតម្លៃ ៥០លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានលេងគ្រប់នាទីនៃយុទ្ធនាការ Euro 2024 របស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយឥឡូវនេះ មានឱកាសបង្ហាញខ្លួនឱ្យក្លិប Villa ក្នុងលីគ Champions League នារដូវកាលក្រោយ។

​Onana បានចូលរួមជាមួយក្លិប Everton ក្រោយផ្លាស់មកពី Lille តម្លៃ ៣៣លានផោន ក្នុងឆ្នាំ២០២២ និងបានបង្ហាញខ្លួន ៧២លើក សម្រាប់ Everton ដោយរកបាន ៤គ្រាប់ដែរ។

សូមជម្រាបថា Onana ក៏ធ្លាប់មានព័ត៌មានផ្លាស់ទៅលេងនៅក្លិប Arsenal ក្នុងឆ្នាំ២០២៣ ផងដែរ តែក្រោយមកក៏ស្ងាត់ទៅវិញ៕