(ឡុងដ៍)៖ ម្ចាស់ជើងឯកពានរង្វាន់លីគនារីអង់គ្លេស Women's Super League តោខៀវ Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិប Aston Villa នៅថ្ងៃប្រកួតបើកឆាករដូវកាលថ្មី ខណៈសម័យកាលដឹកនាំរបស់អ្នកចាត់ការ Sonia Bompastor កំពុងចាប់ផ្តើមដំណើរការ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រី Bompastor ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Chelsea កាលពីដើមរដូវកាលក្តៅនេះ ជំនួសតំណែងលោកស្រី Emma Hayes ដែលបានចាកចេញពីក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge កាលពីពេលចប់រដូវកាលមុន បន្ទាប់ពីដឹកនាំបាន ១២ឆ្នាំ។

ជាមួយគ្នានោះ Manchester City ដែលដឹកនាំដោយលោកស្រី Gareth Taylor នឹងធ្វើដំណើរទៅជួបក្លិប Arsenal នៅថ្ងៃចុងសប្តាហ៍ប្រកួតបើកឆាករដូវកាលថ្មី។

ដោយឡែក ម្ចាស់ពានរង្វាន់ FA Cup ក្លិប Manchester United នឹងត្រូវប៉ះ West Ham United ហើយ Leicester City ត្រូវជួប Liverpool។

សម្រាប់ក្លិប Crystal Palace វិញ ត្រូវទៅជួបក្លិប Tottenham ជាជើងឯករង FA Cup ខណៈ Brighton ត្រូវធ្វើម្ចាស់ផ្ទះទទួល Everton។

សូមជម្រាបថា កាលបរិច្ឆេទ និងពេលវេលា សម្រាប់ថ្ងៃចុងសប្តាហ៍ប្រកួតបើកឆាក ដែលនឹងប្រកួតនៅថ្ងៃចុងសប្តាហ៍ទី២១-២២ ខែកញ្ញានោះ នឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខ៕