(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចពូល A ជាមួយក្រុមជម្រើសជាតិ U19 ហ្វីលីពីន នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី។ ចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា អាចស្គាល់ជ័យជម្នះ មុនត្រឡប់មកមាតុភូមិវិញដែរទេ?

បច្ចុប្បន្នពូល A មានតែក្រុមយុវជន U19 កម្ពុជាប៉ុណ្ណោះ ដែលអស់ឱកាសមុន ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីរងបរាជ័យ ២ប្រកួតជាប់គ្នា ពោលគឺប្រកួតទី១ ចាញ់ទីម័រខាងកើត ៣-២ និងប្រកួតទី២ ចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯក្រុម U19 ហ្វីលីពីន នៅសល់ឱកាសបន្ដិចបន្ទួច ក្នុងការអ៊ុតឱកាសប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមទីម័រខាងកើត ២-០ ក្នុងការប្រកួតទី២ របស់ខ្លួន។

មុនឈានដល់ការប្រកួតបង្គ្រប់កិច្ចរវាងក្រុម U19 កម្ពុជា និងហ្វីលីពីន ក៏នឹងមានការប្រកួតរវាងក្រុមម្ចាស់ផ្ទះ U19 ឥណ្ឌូនេស៊ី និងទីម័រខាងកើតផងដែរ។ ការប្រកួតនេះ ឥណ្ឌូនេស៊ីត្រូវការត្រឹម ១ពិន្ទុប៉ុណ្ណោះ ដើម្បីធានាកៅអីកំពូលតារាងពូល A គ្រាដែលទីម័រខាងកើត ត្រូវការឈ្នះលើសពី ៧គ្រាប់ ដើម្បីប្រជែងកៅអីកំពូលតារាង។ ការណ៍នេះទីម័រខាងកើត ក៏មិនខុសពីហ្វីលីពីនដែរ ដោយពួកគេសល់ឱកាសស្ដួចស្ដើងបំផុតក្នុងការអ៊ុតឱកាសប្រជែងកៅអីវគ្គបន្ដ។

ចំណែកពូល B វិញ បច្ចុប្បន្នបានរកឃើញបេក្ខភាពកក់កៅអីវគ្គ ៤ក្រុមចុងក្រោយហើយ គឺក្រុម U19 អូស្ដ្រាលី ដែលរកបាន ៦ពិន្ទុពេញ គ្រាដែល ៣ក្រុមទៀត បានអស់ឱកាសដូចកម្ពុជាដែរ រួមមានវៀតណាម មីយ៉ាន់ម៉ា និងឡាវ។ រីឯពូល C នៅមិនទាន់ដាច់ស្រេចនៅឡើយទេ តែជាពូលដែលមានភាគរយខ្ពស់ សម្រាប់ក្រុមលេខ១ និងលេខ២ ត្រូវឡើងទៅវគ្គបន្ដ។ យ៉ាងណាក៏ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលនីមួយៗ សិនដែរ ដើម្បីកំណត់ជោគវាសនាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនប្រចាំតំបន់នេះ៕