(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តចិន Xpeng និង Volkswagen របស់អាល្លឺម៉ង់ បានបង្កើតភាពជាដៃគូរួមគ្នាលើគម្រោងថ្មីមួយ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍនៃស្ថាបត្យកម្មរថយន្តអគ្គិសនីថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

គ្រឹះស្ថានថ្មីនេះ មានទីតាំងស្ថិតនៅទីក្រុង Guangzhou និង Hefei របស់ប្រទេសចិន គឺជាឃ្លាំងសម្រាប់វិស្វករមកពីក្រុមហ៊ុនទាំងពីរធ្វើការរួមជាមួយគ្នា។ ឃ្លាំងនេះ មានគោលបំណងជួយភាគីនានាចាប់ផ្តើមផលិតកម្មសម្រាប់ស្ថាបត្យកម្មដែលបានអភិវឌ្ឍរួមគ្នា - ការកំណត់រចនាសម្ព័ន្ធគ្រឿងអេឡិចត្រូនិក ម៉ូឌុល និងបណ្តាញ network នៅក្នុងរថយន្ត - សម្រាប់រយៈពេលពីរឆ្នាំគិតចាប់ពីពេលនេះតទៅ។

លោក Ralf Brandstätter សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Volkswagen AG នៅក្នុងប្រទេសចិន បាននិយាថា «ចាប់ពីឆ្នាំ២០២៦ តទៅ រថយន្តអគ្គិសនីទាំងអស់ពីម៉ាក Volkswagen នៅក្នុងប្រទេសចិន នឹងត្រូវបានបំពាក់ដោយស្ថាបត្យកម្មអគ្គិសនី/អេឡិចត្រូនិច (E/E) ថ្មី ដែលមានថាមពល និងប្រសិទ្ធភាពខ្ពស់»។ ស្ថាបត្យកម្មនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Volkswagen ផលិតរថយន្ត EV ដែលមានតម្លៃសមរម្យជាងមុន ជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ខ្លួន។

គួរជម្រាបដែរថា ក្រុមហ៊ុន Xpeng និង Volkswagen បានបង្កើតភាពជាដៃគូកាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុន Volkswagen បានទិញ Xpeng ប្រហែល ៤.៩៩ភាគរយក្នុងតម្លៃប្រហែល ៧០០លានដុល្លារ ជាមួយនឹងផែនការក្នុងការដាក់លក់រថយន្ត Volkswagen-branded ម៉ូដែលអគ្គិសនីនៅឆ្នាំ២០២៦៕