(ភ្នំពេញ)៖ ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអ៉ីនធឺណិត។ នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប វិធីបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតក៏កាន់តែសម្បូរបែប។ តើលោកអ្នកបានដឹងអ្វីខ្លះពីសុវត្ថិភាពលើប្រព័ន្ធអ៉ីនធឺណិត? Be Smart Online ថ្ងៃនេះ សូមមកបកស្រាយខ្លះៗ អំពីការបោកបញ្ឆោតលួចទិន្នន័យអនឡាញ (Phishing) និងវិធីសាស្ត្រដែលលោកអ្នកអាចការពារពីវាបាន។

តើជនខិលខូចធ្វើយ៉ាងណាទើប អាចបន្លំលួចយកទិន្នន័យអនឡាញបាន?

Phishing គឺជាទង្វើដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៉ីនធឺណិត ជនអនាមិក ឬជនខិលខូចបានបន្លំខ្លួន បោកបញ្ឆោតជនរងគ្រោះ ក្នុងគោលបំណងលួចយកទិន្នន័យសម្ងាត់ ឬព័ត៌មានសំខាន់ៗមួយចំនួនដែលរួមមាន ឈ្មោះពិតរបស់អ្នកប្រើប្រាស់ (Username) ពាក្យសម្ងាត់ (Password) និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុដូចជា គណនីធនាគារ និងលេខកាតធនាគារជាដើម។

ដើម្បីលួចយកទិន្នន័យទាំងនេះ ជនខិលខូចតែងតែក្លែងបន្លំខ្លួន ធ្វើដូចជាបុគ្គលិកផ្លូវការតំណាងឱ្យអង្គភាព ឬក្រុមហ៊ុនណាមួយ ហើយប្រើប្រាស់បច្ចេកទេស Phishing ដើម្បីអូសទាញជនរងគ្រោះឱ្យចុចលើតំណភ្ជាប់ (Malicious Link) ឬចុចលើឯកសារណាមួយ (Malicious Attachment) ដើម្បីចម្លងនូវមេរោគបច្ចេកវិទ្យា (Virus) ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទូរសព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងៗទៀត។

របៀបការពារពីការបន្លំលួចទិន្នន័យអនឡាញ (Phishing)

យ៉ាងណាមិញ ក្នុងការប្រើប្រាស់អុីនធឺណិតប្រកបដោយភាពឆ្លាតវៃ (Be Smart Online) ដើម្បីបញ្ចៀសពីការលួច ទិន្នន័យផ្ទាល់ខ្លួនតាមរយៈ (Phishing) លោកអ្នកត្រូវតែពិនិត្យអាសយដ្ឋានអ៉ីមែលរបស់អ្នកផ្ញើឱ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នជានិច្ចមុនពេលផ្ដល់ព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់លោកអ្នក។ ក្រៅពីនេះសូមកុំចុចឱ្យសោះលើតំណភ្ជាប់ (link) ដែលលោកអ្នកមិនស្គាល់ ឬដោនឡូតឯកសារពីប្រភពដែលមិនច្បាស់លាស់។

ដើម្បីស្វែងយល់បន្ថែមអំពី Be Smart Online សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ Smart Axiata តាមរយៈតំណភ្ជាប់៖ https://web.facebook.com/SmartAxiata