(បារាំង)៖ កីឡាករខ្សែបម្រើការពារសញ្ជាតិដាណឺម៉ាក Pierre-Emile Hojbjerg បានផ្ទេរទៅកាន់ក្លិប Marseille ពីក្លិបអង់គ្លេស Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងនារដូវកាល២០២៤-២៥, នេះបើតាមប្រភពពីក្លិបនៃលីគបារាំង បានចុះផ្សាយនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយការផ្ទេរនេះ ក៏ស្ថិតក្នុងគោលដៅរួមបញ្ចូលនៅការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ផងដែរ ដោយមានការជឿជាក់ថាអាចស្ថិតក្នុងតម្លៃប្រហែល ១៧លានផោន ចំពោះកីឡាករខ្សែបម្រើការពារ Hojbjerg ដែលត្រូវបានក្លិប Spurs នាំមកក្នុងតម្លៃ ១៥លានផោន ពីក្លិបរួមលីគ Southampton កាលឆ្នាំ២០២០ អំឡុងពេលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho។

Hojbjerg ក៏ជាខ្សែបម្រើការពារបានឈានដល់ឆ្នាំចុងក្រោយ នៃកិច្ចសន្យារបស់លោកជាមួយក្លិប Tottenham នៅឆ្នាំ២០២៥ ហើយនឹងអាចផ្ទេរដោយមិនមានតម្លៃខ្លួន ប្រសិនបើមិនមានការចុះកិច្ចសន្យាថ្មីណាមួយនោះ។

Hojbjerg ក៏ជាសមាជិកថ្មីនៃក្លិប Marseille រួមជាមួយកីឡាករ Mason Greenwood និងកីឡាករ Ismael Kone ដែលទើបសម្រេចបញ្ចប់ការផ្ទេរនាពេលថ្មីៗ នេះ។